(កំពង់ធំ)៖ ចាហួយដូង ទឹកដោះគោជូ ខូចគុណភាព នាំចេញពីប្រទេសវៀតណាម និងថៃ ដែលក្រុមអាជីវករយកដាក់លក់ នៅផ្សារបារាយណ៍ ធ្វើឲ្យប៉ះពាល់សុខភាពយ៉ាងខ្លាំងនោះ ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានរកឃើញ និងប្រមូលយកទៅដុតកម្ទេចចោល។
ការរកឃើញទំនិញខូចគុណភាពទាំងនេះ បានធ្វើឡើងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ ពេលមន្រ្តីកាំកុង ត្រូល សហការជាមួយមន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារបារាយណ៍ ស្ថិតនៅភូមិក្រសាំងជ័យ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សុខភាព និងសុវត្ថិភាពចំណីអាហារ តាមការណែនាំពីថ្នាក់ដឹកនាំ។
មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីចុះត្រួតពិនិត្យ ក្រុមការងារបានរកឃើញផលិតផលជាច្រើន ដែលខូចគុណភាព ដូចជា៖ ចាហួយដូងម៉ាក Thanh Binh ចំនួន១០កញ្ចប់ ផលិតនៅវៀតណាម, ទឹកដោះគោជូ រូបគោ ចំណុះ២០០ml ចំនួន៤កំប៉ុង ផលិតនៅកម្ពុជា, ទឹកដោះគោជូ ម៉ាក Omaga ចំណុះ៨៥ ml ផលិតនៅប្រទេសថៃ , ។ បន្ទាប់ពីរកឃើញទំនិញខូចគុណភាពទាំងនេះ ក្រុមការងារទាំងអស់បានធ្វើកំណត់ហេតុ និងដកហូតយកទៅដុតកម្ទេចចោលផងដែរ ។ មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា បន្ទាប់ពីចុះអង្កេតទំនិញនៅផ្សារបារាយណ៍រួចមក ក្រុមការងារក៏បានចុះទៅពិនិត្យ ស្តង់អំបិល ដែលថៅកែភាគច្រើន នាំយកមកពីខេត្ត និងប្រទេសថៃ ដើម្បីលក់នៅផ្សារបារាយណ៍នេះ ឃើញថា លទ្ធផលគឺល្អ ដោយអំបិលទាំងនោះ សុទ្ធតែមានអ៊ីយូតទាំងអស់ ។
ក្រុមកាងារក៏បានចែកផ្សាយ នូវរូបភាព Poster និងផ្សព្វផ្សាយដល់អាជីវករអ្នកលក់ដូរ និងអ្នកប្រើប្រាស់ ឲ្យបានយល់ដឹង ពីផលវិបាកដែលបណ្តាលមកពីការបរិភោគអាហារហួសកាលបរិច្ឆេទ ប្រើប្រាស់ និងការដាក់លាយបន្ថែមសារធាតុគីមី ហាមឃាត់ចូលក្នុងម្ហូបអាហារ។
ទន្ទឹមនឹងនេះក្រុមការងារបានណែនាំដល់អាជីវករ ឲ្យចៀសវៀងពីការប្រើប្រាស់សារធាតុគីមីបន្ថែម ទៅលើផលិតផលម្ហូបអាហារ ឬការកែច្នៃម្ហូបអាហារ ដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់សុខភាព និងបានណែនាំអាជីវករឲ្យយល់ដឹងពីអនាម័យ ការរៀបចំទំនិញលក់ដូរ ឲ្យមានសណ្តាប់ធ្នាប់ទៅ តាមប្រភេទទំនិញហូបចុក និងទំនិញប្រើប្រាស់ផ្សេងៗ ដាក់ដាច់ដោយឡែកៗពីគ្នា ចៀសវៀងនូវការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ កំប៉ុងកំពិត ប៉ោង ច្រេះស៊ីស និងទំនិញដែលមានសារធាតុគីមីហាមឃាត់។
មន្រ្តីកាំកុងត្រូលបានបញ្ជាក់ថា ក្រោមការណែនាំពីសំណាក់ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម សាខាកាំក្រុងត្រូលនៅទូទាំងប្រទេស បាននិងកំពុងបន្តយុទ្ធនាការ ចុះត្រួតពិនិត្យមើលទំនិញ ដែលដាក់តាំងលក់តាមផ្ទះ តាមទីផ្សារ ពិសេសទំនិញនាំចូលតាមមាត់ច្រកទ្វារព្រំដែន ដើម្បីចូលរួមចំណែកលើការការពារសុវត្ថិភាព ចំណីអាហារដល់ប្រជាពលរដ្ឋ៕