(ភ្នំពេញ)៖ ខណៈការផ្តល់ការធានារ៉ាប់រងឥណទាន ក្នុងការអនុវត្តគម្រោងរដ្ឋ-ឯកជន (PPP) នៅកម្ពុជា ពុំទាន់មានភាពទូលំទូលាយ នៅឡើយនោះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានចុះអនុស្សរណៈយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុនសាជីវកម្មធានាឥណទាន និងការនាំចេញរបស់ចិន (SINOSURE) ដើម្បីជួយបង្កើតឱ្យមានផលិតផលធានារ៉ាប់រង ឥណទាន សម្រាប់គម្រោងតាមយន្តការ PPP ដែលជាជម្រើសយន្តការគាំទ្រហិរញ្ញវត្ថុថ្មីមួយ នឹងជួយលើកកម្ពស់បរិយាកាស វិនិយោគក្នុងក្របខ័ណ្ឌ PPP នៅកម្ពុជា ក៏ដូចជាជំរុញការអភិវឌ្ឍ វិស័យធានារ៉ាប់រងនៅកម្ពុជា។

អនុស្សរណៈយោគយល់គ្នានេះ ស្តីពីការជំរុញកិច្ចសហប្រតិបត្តិការហិរញ្ញប្បទាន សម្រាប់គម្រោងវិនិយោគសាធារណៈអនុវត្តតាម យន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន (PPP) ជាមួយនឹងសាជីវកម្មធានាឥណទាន និងការនាំចេញរបស់ចិន ដែលត្រូវបានចុះហត្ថលេខា ដោយលោក វង្សី វិស្សុត រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងជាប្រធានគណៈកម្មការអន្តរក្រសួង ដឹកនាំការងារអនុវត្តគោលនយោបាយ ស្តីពី ការអភិវឌ្ឍយន្តការ PPP ជាមួយលោក Zha Weimin អនុប្រធានសាជីវកម្ម SINOSURE របស់សាធារណរដ្ឋប្រជាមានិតចិន។

លោក វង្សី វិស្សុត ថ្លែងយ៉ាងដូច្នេះថា «គោលបំណងនៃការចុះហត្ថលេខានេះ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែទូលំទូលាយ ថែមទៀត រវាងក្រសួងសេដ្ឋកិច្ច និងសាជីវកម្ម SINOSURE ដែលជាស្ថាប័នបម្រើគោលនយោបាយ ធានារ៉ាប់រងរបស់សាធារណរដ្ឋ ប្រជាមានិតចិន តាមរយៈការផ្តល់សេវាកម្មធានារ៉ាប់រងឥណទានគ្រប់ប្រភេទ សម្រាប់គម្រោងអនុវត្តតាមយន្តការ PPP នៅកម្ពុជា»

ការចុះហត្ថលេខានេះ គឺបានឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន ដើម្បីជំរុញ និងលើកទឹកចិត្តការចូលរួមរបស់វិស័យឯកជន និងស្ថាប័នហិរញ្ញវត្ថុ ក្នុងការវិនិយោគលើវិស័យ ហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ, វិស័យបង្កើនផលិតភាពសេដ្ឋកិច្ច, និងវិស័យអាទិភាពផ្សេងៗ ដែលជាគោលនយោបាយ អាទិភាពមួយរបស់រាជរដ្ឋាភិបាល ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព។
 
លោក វង្សី វិស្សុត ក៏បានលើកឡើងថា ដើម្បីសម្រេចចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ត្រឹមដំណាច់ឆ្នាំ២០២០ ក្នុងការបង្កើតប្រព័ន្ធ គ្រប់គ្រងការវិនិយោគសាធារណៈ តាមយន្តការ PPP ដែលមានភាពប្រទាក់ក្រឡា និងគ្រប់ជ្រុងជ្រោយ ស្របតាមឧត្តមានុវត្តជាអន្តរជាតិ រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការ គោលនយោបាយសំខាន់ៗជាច្រើន ក្នុងរយៈពេលខ្លី មធ្យម និងវែង ក្នុងនោះក៏មានយន្តការ គាំទ្រ ហិរញ្ញវត្ថុផងដែរ ដែលមានដូចជា៖
១៖ មូលនិធិអភិវឌ្ឍន៍គម្រោង (Project Development Facility-PDF)
២៖ មូលនិធិបំពេញផលហិរញ្ញវត្ថុ (Viability Gap Fund-VGF)។

ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានេះ ក៏បានបង្ហាញពីការឈានឡើងជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា និងចិន ហើយលោក វង្សី វិស្សុត សង្ឈឹមថា SINOSURE នឹងនាំមកនូវផលិតផលធានារ៉ាប់រង ដែលប្រកបដោយនវានុវត្តន៍ថ្មីៗបន្ថែមទៀត ដើម្បីជួយជំរុញការអភិវឌ្ឍគម្រោងតាមយន្តការ PPP នៅកម្ពុជា៕