(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចុះហត្ថលេខាលើកំណត់ហេតុ ស្ដីពី កិច្ចសហប្រតិបត្តិការ ឆ្នាំ២០១៧ ជាមួយលោក ស៊ុមកែវ ស៊ីឡាវង្ស រដ្ឋមន្រ្តីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងពង្រឹងតំបន់ព្រំដែនកម្ពុជា-ឡាវ ឲ្យក្លាយជាព្រំដែនមិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។
ការចុះហត្ថលេខាលើកំណត់ហេតុខាងលើនេះ ធ្វើឡើងបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការងារវាងប្រមុខក្រសួងទាំងពីរ និងគណៈប្រតិភូ កម្ពុជា-ឡាវ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ថ្លែងយ៉ាងដូច្នេះថា «កិច្ចពិភាក្សាការងាររវាង កម្ពុជា-ឡាវនេះ គឺដើម្បីជជែកគ្នា ពិនិត្យសភាពការ កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ នៅតាមតំបន់ ព្រំដែនរវាងប្រទេសទាំងពីរ ថាតើយើងធ្វើបានអ្វីខ្លះ នៅសេសសល់អ្វីខ្លះ និងពិនិត្យវាយតម្លៃលើកិច្ចកាលពី១ឆ្នាំកន្លងមក»។
លោកអគ្គស្នងការរងបានបន្តថា បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាការងារខាងលើ សម្ដេចក្រឡាហោម ស ខេង និងលោករដ្ឋមន្រ្តីឡាវ ស៊ុមកែវ ស៊ីឡាវង្ស បានធ្វើកំណត់ហេតុស្ដីពី «កិច្ចសហប្រតិបត្តិការ ឆ្នាំ២០១៧» ព្រមទាំងបានចុះហត្ថលេខារួមគ្នាតែម្ដង។
លោកឧត្តមសេនីយ៍បានបញ្ជាក់ថា ក្នុងការវាយតម្លៃការងារនៅឆ្នាំ២០១៦ កន្លងមកនោះ កម្លាំងនគរបាលការពារសន្តិសុខតាមព្រំដែន រវាងប្រទេសទាំងពីរ បានសហការធ្វើការងារបានល្អជាមួយគ្នាជាច្រើន រួមមាន៖
១៖ កម្លាំងនគរបាលការពារព្រំដែនប្រទេសទាំងពីរ បានប្រជុំពិភាក្សាដោះស្រាយបញ្ហាប្រឈមនានា តាមការកំណត់ ដើម្បីផ្ដល់ព័ត៌មាន សភាពការជូនគ្នាទៅវិញទៅមក ដែលជាមូលដ្ឋាននៃកិច្ចសហប្រតិបត្តិការ ទាំងថ្នាក់ខេត្ត ថ្នាល់ស្រុក ថ្នាក់វរសេនាការពារព្រំដែននានា។
២៖ ភាគទាំងពីរបានផ្ដល់ព័ត៌មានទៅវិញទៅមក និងសហការទប់ស្កាត់បទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរ ការចរាចរណ៍ និងការដាំដុះគ្រឿងញៀន ដែលឆ្លងកាត់ព្រំដែន និងការជួញដូរមនុស្សឆ្លងដែនខុសច្បាប់ជាដើម។
៣៖ បានសហការគ្នាចុះអប់រំប្រជាពលរដ្ឋទាំងសងខាង ឲ្យយល់ដឹងពីនីតិវិធីច្បាប់ បទប្បញ្ញត្តិ លក្ខន្តិកៈ នៃការឆ្លងកាត់ព្រំដែនទៅមក សំដៅកាត់បន្ថយបទល្មើសនានា ដែលកើតចេញពីទង្វើរបស់ប្រជាពលរដ្ឋ។ កម្លាំងសមត្ថកិច្ចទាំងសងខាន ក៏បានបង្កលក្ខណៈងាយស្រួល ឲ្យប្រជាពលរដ្ឋបានចេញចូលធ្វើការស្របច្បាប់ បានយ៉ាងល្អត្រឹមត្រូវផងដែរ។
ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា ប្រទេសឡាវបានប្ដេជ្ញាសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីឲ្យទិសដៅការងារ ឆ្នាំ២០១៧នេះ ប្រព្រឹត្តទៅដោយរលូន សំដៅធ្វើយ៉ាងណា ឲ្យតំបន់ព្រំដែនកម្ពុជា-ឡាវ ក្លាយជាតំបន់មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ និងសម្រួលដល់ជីវភាពរស់នៅ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋទាំងពីរ កាន់តែល្អប្រសើរ។
លោកនាយឧត្តមសេនីយ៍ គៀត ចាន់ថារិទ្ធ បានពន្យល់ថា កិច្ចពិភាក្សាការងារលើកិច្ចប្រតិបត្តិការរវាងកម្ពុជា-ឡាវនេះ គឺតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីផ្ដល់-ទទួលព័ត៌មានពីគ្នាទៅវិញទៅមក និងលើកទិសដៅការងារបន្តទៀត ដោយឆ្នាំ២០១៧នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលកិច្ចប្រជុំនេះ៕