(ភ្នំពេញ)៖ អ្នកស្រី ទេព កុលាប សាកលវិទ្យាធិការសកលវិទ្យាល័យភ្នំពេញអន្ដរជាតិ (PPIU) បានបោះទុនទឹកប្រាក់ប្រមាណជាង១៨ម៉ឺនដុល្លារ បើកហាងកាហ្វេដែលមានឈ្មោះល្បីល្បាញ ទាំងគុណភាព និងរស់ជាតិ គឺហាងកាហ្វេ Amazon ដែលមានទីតាំងស្ថិតនៅសាខាបរិវេណ សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ (PPIU) នឹងត្រូវបានបើកសម្ពោធជាផ្លូវការហើយ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។
លោក សោម រីណា អ្នកគ្រប់គ្រងហាងកាហ្វេ Amazon បានថ្លែងឲ្យដឹងថា «Amazon គឺជា Brand មួយដ៏ល្បីល្បាញ ហើយយើងចង់នាំម៉ាកល្បីនេះ ដាក់ចូលក្នុងសកលវិទ្យាល័យភ្នំពេញអន្ដរជាតិ ដើម្បីផ្ដល់នូវសេវាកម្មបន្ថែម ឲ្យនិស្សិតក្នុងសកលវិទ្យាល័យភ្នំពេញអន្ដរជាតិ ងាយស្រួលក្នុងការទិញនូវភេសជ្ជៈដែលពួកគេចង់ញាំ ហើយការមាន Amazon ក្នុងសកលវិទ្យាល័យនេះគឺអាចឲ្យនិស្សិតចំណាយពេលច្រើនក្នុងសាលា អាចចំណាយពេលអានសៀវភៅ និងមករៀននៅទីនេះបានច្រើន មួយវិញទៀតគឺបានផ្ដល់ភាពងាយស្រួលទៅដល់អតិថិជន ដែលនៅក្នុងសកលវិទ្យាលល័យភ្នំពេញអន្ដរជាតិនេះ នេះគឺជាហេតុផងដែលយើងនាំ Amazon មកបើកនៅបរិវេណសកលវិទ្យាល័យ»។
លោកបានបន្ដទៀតថា ដើមទុនដែលបានចំណាយក្នុងការបើកហាងកាហ្វេនេះត្រូវបានចែកចេញជាពីរយ៉ាងគឺទី២៖ ទី១ការទិញ Franchise គឺចំណាយអស់ជាង១ម៉ឺនដុល្លារ ហើយទី២នេះចំណាយទៅលើការកែលម្អរហាង បើសរុបចំណាយទាំងអស់ គឺបានចំណាយជិត១៨ម៉ឺនដុល្លារ ក្នុងការបើកហាងកាហ្វេ Amazon មួយនេះ។
លោកបានបញ្ជាក់បន្ថែមទៀតថា «កាហ្វេ Amazon គឺជាម៉ាកល្បីមួយដែលមានការទទួលស្គាល់ទៅលើ រស់ជាតិពីគ្រប់មជ្ឈដ្ឋាន អតិថិជនដែលចូលចិត្តញាំកាហ្វេ ដោយមានការសសើរថា រស់ជាតិឆ្ញាញ់ ហើយនឹងមាននិន្នាការកើនឡើងទៅលើការគាំទ្រកាហ្វេ Amazon។ ខ្ញុំសង្ឃឹមថាចំនួនអ្នកញាំកាហ្វេ Amazon នៅបរិវេណសាកលវិទ្យាល័យ PPIU នឹងកើនឡើងព្រោះយើងយកចិត្តទុកដាក់ខ្លាំងណាស់ទៅលើគុណភាពកាហ្វេ ហើយយើងក៏ប្ដេជ្ញាចិត្តធ្វើឲ្យបានដូចនៅអ្វី Amazon ផ្ដល់ឲ្យ និងបង្កើតនៅសេវាកម្មដែលអតិថិជនពេញចិត្ត»។
សូមបញ្ជាក់ថា នាឱកាសសម្ពោធហាងកាហ្វេ Amazonនេះក៏មានការបញ្ចុះតម្លៃបញ្ចុះតម្លៃពិសេសចំនួន២០ភាគរយផងដែរ ដោយការបញ្ចុះតម្លៃនេះចាប់ផ្ដើមចាប់ពីថ្ងៃទី២៥ ខែមេសារហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ Promotionពិសេសនេះមានតែនៅ ហាង Café Amazon សាខាសាកលវិទ្យាល័យ ភ្នំពេញអន្តរជាតិ (PPIU) ស្តេនអឺឡូន តែប៉ុណ្ណោះ៕