(ភ្នំពេញ)៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ បានចាប់ផ្ដើមដាក់ឲ្យអតិថិជនអាចទាញយកនូវកម្មវិធី «អេស៊ីលីដា យូនីធី ទាន់ចិត្ត» សម្រាប់ការផ្ទេរលុយ និងដកលុយ តាមរយៈកម្មវិធីទូរស័ព្ទ iPhone និង Play Store ដោយមិនគិតពីថ្លៃសេវា ចាប់ពីថ្ងៃនេះតទៅ។
ក្នុងពិធីចាប់ផ្ដើមដាក់ឲ្យទាញយកនូវកម្មវិធី «អេស៊ីលីដា យូនីធី ទាន់ចិត្ត» ខាងលើនេះ បានធ្វើឡើងក្រោមអធតិបតីភាព លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយក ប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី និងមានការចូលរួមពី សមាជិករបស់ធនាគារអេស៊ីលីដា ប្រមាណជាង១០០នាក់។
លោកបណ្ឌិត អ៉ិន ចាន់នី បានលើកឡើងថា កម្មវិធីនេះ មានចំណុចសំខាន់ ក្នុងការចូលរួមឲ្យមានការអភិវឌ្ឍសង្គម និងរួមចំណែកការកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ក្នុងពេលធ្វើដំណើរ ហើយនឹងអាចបន្ថែមពេលវេលា ឲ្យពួកគាត់ធ្វើអាជីវកម្មបានចំណូលច្រើនបន្ថែមទៀត និងជាពិសេស អ្នកណាក៏អាចទាញយកវា មកប្រើបានដែល និងមិនតម្រូវឲ្យគាត់បង់ថ្លៃសេវានោះទេ។
លោកបណ្ឌិត អ៉ិន ចាន់នី បានពន្យល់ឲ្យដឹងថា កម្មវិធី «អេស៊ីលីដា យូនីធី ទាន់ចិត្ត» នេះគឺវាជួយទៅដល់អ្នក ដែលមានជីវភាពចំណូលទាប អាចតភ្ជាប់បាន ហើយសំខាន់ជាងគេទៀតនោះ គឺងាយទៅដល់ពួកគាត់ ដោយមិនចាំបាច់ធ្វើដំណើរច្រើន រឺក៏ឆ្ងាយនោះទេ។
លោកបណ្ឌិត បានបន្ថែមទៀតថា ព្រោះអាជីវករ ក៏ដូចជា ប្រជាជនទូទៅ តែងតែពោលថា «ពេលវេលាជាមាសប្រាក់» ដូច្នោះហើយ កាលណាដែលពួកគាត់ដើរចោលពីកន្លែងអាជីវកម្មរបស់ពួកគាត់ គឺវាអាចធ្វើឲ្យមានការលំបាកក្នុងការគ្រប់គ្រងអាជីវកម្មរបស់ពួកគាត់ ៕