(ភ្នំពេញ)៖ តាំងកើតពីពោះម៉ែមក នាយខ្វែក ឆ្លងកាត់របបនយោបាយ៥ជំនាន់ហើយ តាំងពីរបបសង្គមរាស្ត្រនិយម របបសាធារណរដ្ឋ របបខ្មែរក្រហម រដ្ឋកម្ពុជា និងព្រះរាជាណាចក្រទី២ នាពេលបច្ចុប្បន្ននេះ នាយខ្វែក ធ្លាប់តែឃើញពុទ្ធបរិស័ទ ពុទ្ធសាសនិក និងប្រជាពលរដ្ឋខ្មែរ យើងគេនាំគ្នាធ្វើបុណ្យកឋិន បុណ្យផ្កាសាមគ្គី និងបុណ្យរួមតាមបែបព្រះពុទ្ធសាសនាផ្សេងៗទៀតដើម្បីប្រមូលបច្ច័យយកទៅសាងសង់ ព្រះវិហារ កសាងផ្លូវ កសាងសាលារៀន សាលាឆទាន ជីកស្រះក្នុងភូមិ និងកសាងទីកន្លែងផ្សេងៗទៀតដើម្បីបំរើឲ្យ សាធារណជនទូទៅបានប្រើប្រាស់។
ស្រាប់តែប៉ុន្មានថ្ងៃនេះ ឃើញមានសកម្មជនរបស់គណបក្សសង្គ្រោះជាតិមួយក្រុម រស់នៅប្រទេសអូស្ត្រាលី បាននាំគ្នាបោះប្រូក្រាមដើរចែក និងធ្វើការប្រកាសអំពាវនាវឲ្យ សាធារណជនទៅចូលក្នុងក្នុងពិធីបុណ្យផ្កា ដើម្បីប្រមូលបច្ច័យសំរាប់យកទៅជួយធ្វើការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ឲ្យគណបក្សសង្គ្រោះជាតិ ទៅវិញ។ គេមិនដឹងថា ក្រុមអ្នកប្រកាសធ្វើបុណ្យផ្ការៃអង្គាសបច្ច័យ យកមកចំណាយលើសកម្មភាពឃោសនា ឲ្យបក្សនយោបាយនេះ ពួកគាត់ជាពុទ្ធសាសនិក ឬក៏ជាអ្នកកាន់ សាសនាផ្សេងនោះទេ តែបើពួកគាត់ជាពុទ្ធសាសនិក ច្បាស់ជាពួកគាត់ដឹងហើយថា គោលបំណងនៃការធ្វើបុណ្យផ្កាសាមគ្គី និងបច្ច័យដែលបានមក គេតម្រូវឲ្យយកទៅ ធ្វើអី្វខ្លះ ដើម្បីបានផលបុណ្យទៅដល់ម្ចាស់បច្ច័យ ម្ចាស់បុណ្យវិញ។
ប៉ុន្តែបើបច្ច័យបានមកពីការធ្វើបុណ្យ គេបែរជាយកទៅធ្វើសកម្មភាព បំរើឲ្យការឃោសនារបស់គណបក្សនយោបាយ ដែលមានតែការជេរបញ្ចោ បង្កហឹង្សាចងគំនុំសងសឹកគ្នា ក្នុងមហិច្ឆតារបស់ក្រុម បក្ខពួករបស់ខ្លួនទៅវិញ សួរថាតើអ្នករៀបចំធ្វើបុណ្យផ្កា ក៏ដូចអ្នកខិតខំយកបច្ច័យទៅចូលបុណ្យនោះបានបុណ្យ ឬក៏បានបាប?
កន្លងមកធ្លាប់តែឮពាក្យគេនិយាយលេងសើចក្នុងន័យផាបង្អាប់គ្នាលេងថា «ធ្វើបុណ្យផ្កា ឬធ្វើបុណ្យកឋិន ប្រមូលបច្ច័យយកទៅបង្ហើយចង្ក្រានបាយ» ស្រាប់តែឥឡូវបែរ ជាមានសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ប្រកាសធ្វើបុណ្យផ្កាប្រមូលបច្ច័យយកទៅជួយជេរ ពេលឃោសនាបោះឆ្នោតឲ្យគណបក្សរបស់ខ្លួននៅពេលខាងមុខនេះទៅវិញ តើនេះជាការធ្វើបុណ្យ ឬធ្វើបាប? អត់យល់ដែរ !៕