(ភ្នំពេញ)៖ ទីបំផុតកំណាត់ផ្លូវសាធារណៈនៅតាមបណ្តោយដងទន្លេបាសាក់ ស្ថិតក្នុងខណ្ឌច្បារអំពៅ ដែលក្រុមហ៊ុនផានអ៉ីមិច និងក្រុមហ៊ុន ហេង លី ធ្វើរបងបិទមិនឲ្យប្រជាពលរដ្ឋធ្វើដំណើរអស់ជាច្រើនឆ្នាំមកនោះ នឹងត្រូវបើកឡើងវិញហើយនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៧នេះ បន្ទាប់ពីលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្រើកណ្តាប់ដៃដែកវែករកឃើញថា ក្រុមហ៊ុនពិតជាបានរំលោភយកដីផ្លូវសាធារណៈ។
មន្រ្តីព័ត៌មាននៅក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ លោក សារិន វណ្ណា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានកោះអញ្ជើញក្រុមហ៊ុន ផានអ៉ីមិច ដែលមានលោកស្រី ស៊ុយ សុផាន ជានាយិកា និង ក្រុមហ៊ុន ហេង លី មកជួបពិភាក្សា ពាក់ពន្ធ័ការអនុវត្តលិខិតលេខ ៩៤៥ ដនស ដែលក្រសួងតម្រូវឲ្យក្រុមហ៊ុនទាំងពីរនេះបើកផ្លូវរដ្ឋឡើងវិញ។
មន្រ្តីដដែលនេះ បានបញ្ជាក់ថា ក្រោយពីពិភាក្សារួចមក ក្រុមហ៊ុនទាំងពីរមិនរឹងទទឹងទៀតឡើយ ហើយបានឯកភាពតភ្ជាប់និងបើកផ្លូវនេះឡើងវិញ ដោយរក្សាផ្លូវ១៦ម៉ែត្រ ឲ្យប្រជាពលរដ្ឋ និងសាធារណជនទូទៅបានប្រើប្រាស់ជាធម្មតាវិញ នៅថ្ងៃទី០២ ខែឧសភា ខាងមុខនេះ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧កន្លងទៅថ្មីៗនេះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានស្នើឲ្យលោកស្រីឧកញ៉ា ស៊ុយ សុផាន ដែលត្រូវបានគេ ប្រសិទ្ធនាមថា ជាឧកញ៉ាពូកែហ៊ុព័ទ្ធរបងយកដី និងលោកឧកញ៉ា ហេង លី នាយកក្រុមហ៊ុន ហេងលី បើកផ្លួវមួយខ្សែតាមមាត់ទន្លេបាសាក់ ក្នុងខណ្ឌច្បាអំពៅ ឲ្យប្រជាពលរដ្ឋ ធ្វើដំណើរឡើងវិញ។
តាមរយៈលិខិតនោះលោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានគូសបញ្ជាក់ថា មន្ត្រីជំនាញរបស់ក្រសួង ពិតជាបានរកឃើញមានផ្លូវលំលេខ៣៦៩ ប្របដងទន្លេបាសាក់ឆ្ពោះទៅ ផ្លូវជាតិលេខ១ ដោយកាត់ភូមិចំពុះក្អែក សង្កាត់ព្រែថ្មី ភូមិអូរអណ្ដូង សង្ដាត់ព្រែកប្រា និងភូមិស្វាយតាអុក សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញដែលប្រជាពលរដ្ឋ បានប្រើប្រាស់តាំងពីដើមមក។
លោកទេសរដ្ឋមន្រ្តីបានគួសបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន ផាន អ៊ីម៉ិច និងក្រុមហ៊ុន ហេង លី ពិតជាបានកាយផ្ដាច់ និងសង់របងបិទផ្លួវលំសាធារណៈនេះ ដូចការលើកឡើងរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរពិតប្រាកដមែន។
ជាមួយនឹងការរកឃើញការពិតនេះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានស្នើឲ្យលោកស្រី ស៊ុយ សុផាន និងលោក ហេង លី បើកផ្លូវនេះឲ្យប្រជាពលរដ្ឋធ្វើដំណើរឡើងវិញ។ លោកទេសរដ្ឋមន្រ្តី ដែលកំពុងល្បាយល្បីក្នុងការដោះស្រាយជម្លោះដីធ្លី រូបនេះ បានបញ្ជាក់ដូច្នោះ «ដើម្បីបម្រើប្រយោជន៍សាធារណៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើឲ្យក្រុមហ៊ុនទាំង២ ធ្វើការតភ្ជាប់ និងបើកផ្លូវសាធារណៈនោះ ដោយរក្សាទទឹងផ្លូវ ១៦ម៉ែត្រ ដើម្បីប្រជាពលរដ្ឋានិងសាធារណៈទូទៅ បានប្រើប្រាស់ ជាធម្មតាឡើងវិញ»។
ជាការកត់សម្គាល់ក្រោយឡើងគ្រងតំណែងរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីឆ្នាំ២០១៦មកនោះ លោកទេសរដ្ឋមន្រ្តី ជា សុផារ៉ា បានដោះស្រាយបញ្ហាវិវាទដីធ្លីដ៏រ៉ាំរ៉ៃរវាងប្រជាពលរដ្ឋ និងក្រុមអ្នកមានក្នុងរាជធានីភ្នំពេញ បានជាច្រើនករណី។ ការស្វែងរកពន្លឺយុត្តិធម៌ជូនប្រជាពលរដ្ឋ ក្នុងជម្លោះដីធ្លីជាច្រើនករណីនេះ បានធ្វើឲ្យលោក ជា សុផារ៉ា ទទួលបានការកោតសរសើរ និងពេញចិត្តខ្លាំងពីប្រជាពលរដ្ឋ៕