(ភ្នំពេញ)៖ ក្រោយជួបសំណេះសំណាល និងពិភាក្សាការងារប្រមាណ២ម៉ោងរវាង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ង្វៀន សួនហ៊្វុក នាយរដ្ឋមន្ដ្រីវៀតណាម នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ លទ្ធផលបានបង្ហាញថា ភាគីវៀតណាមផ្ដល់ការសាងសង់ មជ្ឈមណ្ឌលផ្តល់ សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ និងសាងសង់ផ្សារពាណិជ្ជកម្ម នៅខេត្តត្បូងឃ្មុំ មានតម្លៃប្រមាណ៥លានដុល្លារ។
នេះបើតាមការឲ្យដឹងពី លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ដ្រី បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបនេះ។ បើតាមលោក កៅ គឹមហួន ក្នុងជំនួបនេះថ្នាក់ដឹកនាំទាំង២ បានជំរុញកិច្ចប្រតិបត្តិការ ដោយអាចឲ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ អាចកាន់សាច់ប្រាក់ឆ្លងប្រទេសទៅវិញទៅមកបានផងដែរ។
សូមជម្រាបថា ក្រោយបញ្ចប់ជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក ក៏មានពិធីសារចំនួន៤ ដែលត្រូវចុះហត្ថលេខារួចរាល់ហើយ រវាងរបស់ កម្ពុជា-វៀតណាម ក្រោមអធិបតីភាពប្រមុខដឹកនាំនៃប្រទេសទាំងពីរ។
ពិធីសារចំនួន៤ ដែលបានចុះហត្ថលេខានោះរួមមាន៖
១៖ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនរបស់កម្ពុជា ចុះហត្ថលេខាជាមួយ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនវៀតណាម (ស្តីពីការសិក្សារួមស្តីពីការសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿន ហូជីមិញ-ម៉ក់បៃ)។
២៖ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា ចុះហត្ថលេខាជាមួយអនុរដ្ឋមន្រ្តីក្រសួងការងាររបស់វៀតណាម។
(ស្តីពីគំរោងសាងសង់មជ្ឍមណ្ឌលផ្តល់សេវាព្យាបាលដោយស្ម័គ្រចិត្ត និងផ្អែកលើសហគមន៍ ដល់អ្នកញៀនគ្រឿងញៀន នៅខេត្តព្រះសីហនុ)។
៣៖ លោក វេង សាខុន រដ្ឋមន្រ្តីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ចុះហត្ថលេខាជាមួយ អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទរបស់វៀតណាម។
(ស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគី លើវិស័យជលផល)។
៤៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ចុះហត្ថលេខាជាមួយអនុប្រធានគណៈកម្មាធិការ ប្រជាជនរដ្ឋធានីហាណូយ។
(ស្តីពីការគាំទ្រការសាងសង់ មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ)។
សូមរំលឹកថា ដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាម នៅកម្ពុជានាពេលនេះ បានធ្វើឡើងចំខួប៥០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា និងវៀតណាម។ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក ការងារសំខាន់ៗមួយចំនួន ត្រូវបានគេរំពឹងថា នឹងលើកយកមកពិភាក្សា មានដូចជា ការពង្រីកទំនាក់ទំនង ការពង្រីកទំហំពាណិជ្ជកម្ម បញ្ហាសន្តិសុខប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ បញ្ហាទេសចរណ៍ រួមទាំងការងារព្រំដែន រវាងប្រទេសទាំងពីរផងដែរ៕