(ភ្នំពេញ)៖ ព្រះតេជគុណ យីន ស៊ុន អនុប្រធានសមាគមមជ្ឈឹមពុទ្ធសាសនាចិន និងជាចៅអធិការវត្តហុងហ្វា ទីក្រុងស៊ីនជីន ខេត្តហ្គងតុង ប្រទេសចិន និងលោក ហ័ង ឆាំង ប្រធានមន្ទីរធម្មការខេត្តហ្គងតុង បានស្នើអញ្ជើញប្រតិភូក្រសួងធម្មការ និងសាសនាកម្ពុជា ទៅទស្សនកិច្ចនាពេលណាមួយ នៅខេត្តហ្គងតុងនេះ។
ការស្នើអញ្ជើញនេះ ត្រូវលើកឡើងក្នុងជំនួបសំណេះសំណាលជាមួយ លោក នរ រតនៈវឌ្ឍនោ រដ្ឋលេខាធិការក្រសួងធម្មការ ជាតំណាងរបស់លោកទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នៅទីស្តីការក្រសួងធម្មការ។
លោកប្រធានមន្ទីរ និងព្រះចៅអធិការវត្តហុងហ្វា បានស្នើសុំអញ្ជើញថ្នាក់ដឹកនាំក្រសួងធម្មការ ទៅទស្សនកិច្ច និងចូលរួមបើកបវេសនកាលវិទ្យាស្ថានពុទ្ធសាសនាខេត្តហ្គងតុង នាពេលខាងមុខនេះ ក្នុងន័យរឹតចំណងសាមគ្គីភាពរវាងប្រទេសទាំង២ ដែលធ្លាប់មានប្រវត្តិដ៏យូរលង់មកហើយ។
ឆ្លើយតបការអញ្ជើញរបស់គណៈប្រតិភូ លោក នរ រតនៈវឌ្ឍនោ ក៏បានលើកឡើងថា ក្រសួងធម្មការ នឹងពិចារណារកពេលសមស្រប ដើម្បីបានទៅកាន់ទីនោះតបការស្នើសុំ ហើយប្រទេសកម្ពុជា នឹងបន្តកិច្ចសាមគ្គីរវាងប្រទេសទាំពីរ។
ក្នុងឱកាសនោះដែរភាគីនៃប្រទេសចិន បានសុំឲ្យកម្ពុជាជួយគាំទ្រ នយោបាយសមុទ្រចិនខាងត្បូងផងដែរ។