(ភ្នំពេញ)៖ ទោះមិនសូវយល់ច្បាស់ពីច្បាប់ ប៉ុន្តែនរណាៗក៏អាចយល់ថា លោក ជុន ច័ន្ទបុត្រ នឹងមានវាសនាដូចល្បង គឹម សុខ មិនខានឡើយ។ ករណីលោក គឹម សុខ មុនត្រូវបានចាប់ខ្លួន និងបញ្ជូនទៅពន្ធនាគារឃុំខ្លួន គឺតុលាការបានកោះហៅដើម្បីបានសួរនាំពីបទល្មើសទៅតាមធាតុផ្សំដែលមាន ហើយបញ្ជាក់ថា បើមានធាតុផ្សំគ្រប់គ្រាន់ លោក គឹម សុខ នឹងត្រូវចាប់ខ្លួន។
មុនពេលចូលខ្លួនទៅតុលាការលោក គឹម សុខ អួតថា គាត់មិនរត់ទៅណាទេ គាត់នឹងចូលទៅតាមការកោះហៅរបស់តុលាការ។ ស្តាប់ទៅដូចជាក្លាហានគួរសមដែរ ប៉ុន្តែក្រោយមក អ្វីៗបានកើតមានមែន គឺលោក គឹម សុខ ត្រូវបានឃាត់ខ្លួន និងបានបញ្ជូនទៅពន្ធនាគារតាមការប្រមើមើលរបស់សារធារណជន និងអ្នកច្បាប់ខ្មែរ។
នៅគ្រានោះលោក គឹម សុខ ខំអួតថា មិនរត់ទៅណានោះទេ ខណៈដែលរូបគាត់បានដឹងជាមុនច្បាស់ណាស់ថា អាជ្ញាធរបានបិទគ្រប់ចក្រចេញចូលប្រទេសកម្ពុជា រួចជាស្រេចហើយនោះ ដោយហាមការធ្វើដំណើរចាកចេញពីប្រទេសកម្ពុជា។
នៅពេលនេះលោក ជុន ច័ន្ទបុត្រ កំពុងដើរក្នុងគន្លងផ្លូវមួយ ដែលគាត់រៀបខ្លួនឯងដោយមិនបានប្រុងប្រយ័ត្ន។ គាត់គិតថា ការចូលរួមជាមួយបក្សសង្គ្រោះជាតិ អាចឲ្យគាត់អាច ក្លាយជារដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅពេលគណបក្សនេះឈ្នះ ហើយគាត់ខំបង្ហាញការលះបង់របស់លោកដើម្បីចូលរួមជាក្រុមសមាជិក (សហការី) និងជាអ្នកសារព័ត៌មាន ដោយយកឈ្មោះវិទ្យុអាស៊ីសេរី ដើម្បីបំពេញផែនការសកម្មភាពរបស់ខ្លួន ក្នុងពេលគាំទ្រ និងជំរុញជ័យជំនះដល់បក្សសង្គ្រោះជាតិ ដែលខ្លួនជាសមាជិក និងកំពុងគាំទ្រយ៉ាងពេញទំហឹង។
តាមពិតទៅលោក ជុន ច័ន្ទបុត្រ គួរត្រៀមខ្លួន និងផ្លូវចិត្តឲ្យទូលាយហើយទៅ ព្រោះសាច់រឿងនេះមិនមានអ្វីខុសគ្នា ជាមួយនឹងករណីល្បង គឹម សុខ នោះ។ ក្រោយលោក ឡុង រី និងលោកស្រី មូរ សុខហួរ ត្រូវបានតុលាការស្នើឲ្យចូលផ្តល់សក្ខីកម្មជាមុន ប្រាកដណាស់ក្រោយសាកសួររបស់ចៅក្រម នឹងអាចមានធាតុផ្សំគ្រប់គ្រាន់សម្រាប់ចោទប្រកាន់ ព្រោះក្នុងខ្សែវិដេអូ លោក ឡុង រី បានប្រាប់យ៉ាងច្បាស់ៗថា លោក ជុន ច័ន្ទបុត្រ គឺជាជំនួយការរបស់លោក, ប៉ុន្តែលោក ជុន ច័ន្ទបុត្រ នៅតែមាត់រឹងទទឹងបកស្រាយថា ខ្លួនមិនបានលាក់បាំង ឬក្លែងបន្លំខ្លួនអ្វីទេ ខ្លួនចូលធម្មតាក្នុងនាមអ្នកសារព័ត៌មានតែប៉ុណ្ណោះ។ ទោះយ៉ាងណាលោក ឡុង រី និងលោកស្រី មូរ សុខហួរ ជឿជាក់ប្រាកដជាប្រាប់ ការពិតនៃរឿងក្លែងបន្លំនេះ ដើម្បីគេចពីបញ្ហាដែលខ្លួនអាចកើតឡើង ហើយពេលនោះអ្វីៗនៃការអនុវត្តច្បាប់ នឹងដើរតាមគន្លងចាស់ដោយរលូនសម្រាប់លោក ជុន ច័ន្ទបុត្រ។
ប្រជាជនកម្ពុជាយល់ឃើញផ្សេងគ្នាក្នុងរឿងនេះ ទៅតាមទំនោរនយោបាយរៀងៗខ្លួន ប៉ុន្តែករណី ជុន ច័ន្ទបុត្រ នេះ មិនខុសពីករណីលោក គឹម សុខ នោះទេ។ នេះបើតាមការ សង្កេតរបស់ប្រជាជនកម្ពុជា។ តែយ៉ាងណាអ្នកវិភាគច្បាប់ជាច្រើនបានបញ្ជាក់ថា ការកោះហៅសាក្សីជាមុន គឺមានហេតុផលតែម៉្យាងគត់គឺដើម្បីស្វែងរកធាតុផ្សំដាក់បន្ទុក ដូច្នេះសំណាងល្អប្រហែលជាលែងមានសម្រាប់លោក ជុន ច័ន្ទបុត្រហើយ ព្រោះបើបានចូលខ្លួនហើយ ប្រហែលគ្មានថ្ងៃចេញក្រៅទេ ដូចជាករណីលោក គឹម សុខ ដូច្នោះដែរ។
ជម្រើសសម្រាប់លោក ជុន ច័ន្ទបុត្រ គឺស្ទើរតែគ្មានទេ ក្រៅពីរកមេធាវីបរទេស ឬខ្មែរ និងស្នើសុំឲ្យទូតអាមេរិកដើម្បីលាក់ខ្លួនគេចចេញពីការចាប់ខ្លួន។ អ្នកច្បាប់បរទេស និងខ្មែររបស់លោកប្រាកដជាយល់ថា ការចូលខ្លួនជាការចូលជុច ហើយបើមិនចូលខ្លួន ក៏កាន់តែមានរឿងធំ ព្រោះសូម្បីករណីលោក កឹម សុខា ដែលមេធាវីបរទេសណែនាំ មិនអោយចូលខ្លួនកាលពីករណីរបស់លោកនៅតុលាការពីពេលកន្លងមក ចុងក្រោយត្រូវមានទោសជៀសមិនរួចដែរ។
យីអ៊ុនដាក់អារក្សជាន់ហើយឆ្នាំថ្មីនេះសម្រាប់ លោក ជុន ច័ន្ទបុត្រ។ ភាពក្អេងក្អាងរបស់លោកត្រូវជាប់អន្ទាក់ដែលលោករៀបចំខ្លួនឯង ដើម្បីបានល្បី និងបង្ហាញពីការលះបង់ ខ្ពស់ដល់អស់លោកថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិរបស់គាត់ ប៉ុន្តែរឿងដែលសង្ស័យបំផុតគឺ ត្រូវជាប់ស៊ងក្នុងពន្ធនាគារដែលពិបាករកផ្លូវដោះស្រាយ។ ទើបតែបានមកស្រុកខ្មែរ និងបានជួបស្រីក្មេងៗមិនបានប៉ុន្មានផង ក៏ត្រូវពន្ធនាគាររង់ចាំស្វាគមន៍។ តាមមើលមិនដឹងថា ម្នាក់ស្រីនោះចង្រៃ ឬគាត់ចង្រៃខ្លួនឯងទេ។ មែនទែនតើលោក ជុន ច័ន្ទបុត្រ ជាមាន់ស្ងោរ ឬមាន់ជល់? ចង់ជល់ក៏មិនអាចដែរ ព្រោះមិនយូរមិនឆាប់ បើតុលាការចេញដីកាបិទច្រក និងព្រំដែនរួចហើយ នឹងត្រូវចូលខ្លួនមែន តើគាត់ត្រូវរត់ទៅច្រកណា?
បើមាន់ជល់ ក៏ត្រូវក្លាយជាមាន់ស្ងោរ នឹងត្រូវបានជ្រលក់ទឹកត្រីមិនខាន ដូចករណីល្បង គឹម សុខ ដែរ។ ឥឡូវលោក ជុន ច័ន្ទបុត្រ នឹងបានទៅជួប គឹម សុខ ដូចបំណងហើយ តែមិនមែនក្នុងនាមអនុប្រធានវិទ្យុអាស៊ីសេរីទេ តែក្នុងនាមជាអ្នកទោសម្នាក់៕
ដោយ៖ ឥន្ធនូ៧ពណ៌