(ភ្នំពេញ)៖ កងកម្លាំងចំណួន៤២៩នាក់ ក្នុងនោះមាននារី៤៣នាក់ ដែលបានជ្រើសរើសសម្រិតសម្រាំងពីគ្រប់អង្គភាព ស្ថាប័នចំរុះក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ ត្រូវបានបញ្ចូនទៅប្រទេសម៉ាលី នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ ដើម្បីប្តូរវេនកងម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៩៨១ និងកងកំទេចគ្រឿងផ្ទុះ៣៣៣ ដែលបានបំពេញបេសកកម្មរបស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលីអស់រយៈពេល០១ឆ្នាំ ប្រកបដោយជោគជ័យ ហើយនឹងត្រូវវិលត្រលប់មកកម្ពុជាវិញ នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៧នេះ។
យោងតាមរបាយការណ៍របស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ បានរាយការណ៍ឲ្យដឹងថា កងកម្លាំងកម្ពុជាដែលជូនដំណឹងនាពេលនេះ បានធ្វើការហ្វឹកហ្វឹនយ៉ាងស្ទាត់ជំនាញវិជ្ជាជីវៈប្រកបដោយគុណភាព រយៈពេលជាង១០ខែ ក្រោមការធ្វើតេសប្រឡងវាស់ស្ទង់សមត្ថភាព គុណភាពយ៉ាងច្បាស់លាស់ និងមានតម្លាភាព និងសមត្ថភាពដូចកងទ័ពមុនៗ។
នៅក្នុងពិធីជូនដំណើរនាព្រឹកថ្ងៃដដែលនេះ នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានឲ្យដឹងថា ក្រោមម្លប់សន្តិភាព កម្ពុជា បាននិងកំពុងបោះជំហានយ៉ាងស្វាហាប់ប្របកដោយមោទនភាព ដែលកម្ពុជាមានស្នាដៃធំៗជាច្រើន ទាំងថ្នាក់ជាតិ និងអន្តរជាតិ ដូចជា ការបញ្ចូនកងទ័ពមួកខៀវកម្ពុជា ទៅចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព លើវិស័យមនុស្សធម៌ ក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ការដណ្តើមមេដាយមាស ប្រាក់ កម្រិតពិភពលោក ផ្នែកវិញ្ញាសារកីឡាប៉េតង់ ដែលមានវត្តមានកីឡាការិនីនៃកងយោអពលខេមរភូមិន្ទ០២រូប។
ជាមួយគ្នានោះ លោកស្រី Debora Comini តំណាងអ្នកសម្របសម្រូលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា បានសំដែងការដឹងគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដែលបានបរិច្ចាគកម្លាំងចូលរួមបំពេញ បេសកកម្មរបស់កងកម្លាំងកម្ពុជា ដែលជាការលះបង់ដើម្បីសន្តិភាព សន្តិសុខ មិត្តភាព ជាលក្ខណៈអន្តរជាតិ និងជាគំរូដ៏ល្អសម្រាប់ពិភពលោក។
លោកស្រី បានបន្ថែមទៀតថា នេះជាការតាំងចិត្តប្របកដោយមនុស្សធម៌ សម្រាប់ជួយអ្នកដទៃ ក្នុងកាឹរចឬករំលេកជំនាញដល់បណ្តាប្រទេសនានា ដែលកំពុងទទួលការរងទុក្ខដោយជម្លោះឲ្យមានសន្តិភាពជាក់ស្តែង និងជាប្រភពនៃការលើកទឹកចិត្តដ៏មានតម្លៃដល់ប្រទេសជាច្រើន៕