(ភ្នំពេញ)៖ អង្គសមាជរបស់គណបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ បានសម្រេចកែប្រែជាថ្មីម្តងទៀត នូវលក្ខន្តិកៈរបស់ខ្លួនត្រង់ប្រកា៤៧ថ្មី ស្តីពីការជ្រើសរើសអនុប្រធានគណបក្សរបស់ខ្លួន។
លោក អេង ឆៃអ៊ាង តំណាងរាស្រ្ត និងជាមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិ បានប្រកាសថា ឥឡូវប្រការ៤៧ថ្មី នេះត្រូវបានធ្វើវិសោធនកម្មហើយ ដោយចាប់ពីពេលនេះតទៅ ការជ្រើសរើសអនុប្រធាន មិនត្រូវកំណត់រយៈពេលនោះឡើយ។
ប្រការ៤៧ ថ្មី នៃលក្ខន្តិកៈរបស់គណបក្សសង្គ្រោះជាតិ ដែលទទួលស្គាល់ដោយក្រសួងមហាផ្ទៃ បានចែងថា ៖ «ករណីប្រធានគណបក្សទទួលមរណភាព លាឈប់ បាត់បង់សមាជិកភាព ឬបាត់បង់សមត្ថភាពដឹកនាំគណបក្សដែលបញ្ជាក់ដោយ គណៈកម្មាធិការនាយក បើ៖ អាណត្តិនៅតិចជាង១៨ខែ អនុប្រធានគណបក្សមួយរូប ដែលមានអាយុច្រើនជាងគេ ត្រូវទទួលនាទីជាប្រធានគណបក្ស ហើយបើគ្មានអនុប្រធាន គណបក្សគណៈកម្មាធិការនាយក ត្រូវជ្រើសរើសអនុប្រធានគណបក្សថ្មី យ៉ាងតិចមួយរូប ក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរពីក្នុងចំណោមសមាជិក របស់ខ្លួន ដោយសំឡេងភាគច្រើនដាច់ខាត ៥០%+១ នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ដើម្បីជួយដល់ការងារប្រធានគណបក្ស រហូតដល់ចប់អាណត្តិ។
បន្ទាប់ពីសម្រេចកែប្រែនូវប្រកា៤៧ថ្មី នៃលក្ខន្តិកៈហើយនោះ គណបក្សសង្រ្គោះជាតិ បានអះអាងថា ខ្លួននឹងជូនដំណឹងដល់ក្រសួងមហាផ្ទៃ ដែលមានតួនាទីត្រួតពិនិត្យលើការអនុវត្តរបស់គណបក្សនយោបាយ នៅក្នុងប្រទេសកម្ពុជា ជាថ្មីម្តងទៀត។
សូមបញ្ជាក់ថា កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៧ ក្រសួងមហាផ្ទៃ បានចេញលិខិតទទួលស្គាល់ លោក កឹម សុខា ជាប្រធានគណបក្សសង្រ្គោះជាតិ ជំនួសតំណែងលោក សម រង្ស៊ី ក្រោយដែលគណបក្សនេះ ដាក់លិខិតទៅកាន់ក្រសួងមហាផ្ទៃ ប៉ុន្តែទោះជាយ៉ាងណា ក្រសួងមានសមត្ថកិច្ចមួយនេះ មិនទទួលស្គាល់ចំពោះតំណែងអនុប្រធានទាំង៣រូប របស់គណបក្សប្រឆាំងនោះទេ។
ក្រសួងមហាផ្ទៃ បានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា៖ ការជ្រើសរើស លោក ប៉ុល ហំម លោកស្រី មូរ សុខហួរ និង លោក អេង ឆៃអ៊ាង ជាអនុប្រធានគណបក្សសង្រ្គោះជាតិ កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៧នោះ នៅតែមិនទាន់ស្របតាមប្រការ ៤៧ថ្មី នៃលក្ខន្តិកៈរបស់គណបក្សសង្រ្គោះជាតិ ដោយសារការជ្រើសតាំងនេះហួសរយៈពេល ៣០ថ្ងៃ គិតចាប់តាំងពីថ្ងៃ លោក សម រង្ស៊ី បានលាលែងពីតំណែងប្រធានបក្ស៕