(ភ្នំពេញ)៖ កីឡាប្រណាំងកង់កម្ពុជាកាន់តែវិវឌ្ឍដូចបណ្ដាប្រទេសរីកចម្រើននៅជុំវិញពិភពលោក ដែលនេះជាការលើកឡើងរបស់គ្រូបបង្វឹកកីឡាប្រណាំងកង់ជម្រើសជាតិកម្ពុជា លោក អេង លីន ខណៈកំពុងបង្វឹកកូនក្រុមត្រៀមខ្លួនចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ «Run & Ride សប្បុរសធម៌ដើម្បីកម្ពុជា២០១៧» ដែលនឹងប្រព្រឹត្តិឡើងពីថ្ងៃទី២៩ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៧។
លោក អេង លីន ថ្លែងថា «នៅតាមបណ្ដាប្រទេសផ្សេងៗ ក្រុមហ៊ុនឯកជននានាបានរៀបចំ ការប្រណាំងកង់ជាច្រើនក្នុងមួយឆ្នាំៗ ដើម្បីឲ្យអ្នកនិយមជិះកង់មានឱកាសបានបញ្ចេញសមត្ថភាពរបស់ខ្លួន។ ចំណែកកីឡាប្រណាំងកង់របស់កម្ពុជាយើងចាប់ផ្ដើមផុសផុលខ្លាំងក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ»។
ព្រឹត្តិការណ៍ «Run & Ride សប្បុរសធម៌ដើម្បីកម្ពុជា២០១៧» ត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ កម្មវិធីនេះចែកចេញជាពីរវិញ្ញាសាកីឡា គឺប្រណាំងកង់ចម្ងាយ១០០គីឡូម៉ែត្រ តាមផ្លូវជាតិលេខ៦A ពីក្រុងភ្នំពេញឆ្ពោះទៅខេត្តកំពង់ចាម នៅថ្ងៃសៅរ៍ ទី២៩ ខែមេសា និងរត់ពាក់កណ្ដាលម៉ារ៉ាតុង ក្នុងទីក្រុងភ្នំពេញ នៅថ្ងៃអាទិត្យ ទី៣០ ខែមេសា។
វិញ្ញាសាទាំងពីរនឹងចេញដំណើរពីមុខសាលមហោស្រពកោះពេជ្រ។ ថវិកាបានពីការលក់សំបុត្រចូលរួមប្រកួត នឹងបរិច្ចាគសម្រាប់ការជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធសាលារៀនតាមខេត្តដែលខ្វះខាត។
លោក អេង លីន ថ្លែងបន្ថែមថា «ក្រៅពីប្រណាំងកង់សប្បាយហើយ យើងបានចូលរួមធ្វើការងារសង្គមដ៏ល្អមួយ គឺចូលរួមរៃអង្គាសថវិកាជួយទៅដល់សាលារៀនបាក់បែកខូចខាត ដែលត្រូវការជំនួយពីយើង»។
គ្រូបបង្វឹកកីឡាប្រណាំងកង់ជម្រើសជាតិរំពឹងថា កម្មវិធី Run & Ride នេះនឹងទាក់ទាញចំណាប់អារម្មណ៍មហាជនបានច្រើន ជាពិសេសក្លឹបអ្នកជិះកង់ផ្សេងៗ ព្រោះអ្នកជិះកង់ជាច្រើននឹងមកជួបគ្នាសាកល្បងសមត្ថភាព។
កាលពីខែធ្នូ ឆ្នាំ២០១៦កន្លងទៅ មានព្រឹត្តិការប្រណាំងកង់ «ជិះកង់ដើម្បីកុមារ» នៅខេត្តសៀមរាប ដែលទាក់ទាញអ្នកចូលរួមបានជាច្រើនរយនាក់ ហើយកម្មវិធីនោះក៏ត្រូវបានឧបត្ថម្ភធំដោយក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរកម្ពុជា ស្រាបៀរស្ដោត Barrley Black ទឹកផ្លែឈើ Joop និងភេសជ្ជៈប៉ូវកម្លាំង Wurkz៕