(ភ្នំពេញ)៖ កិច្ចជួបសំណេះសំណាល និងពិភាក្សាការងាររវាង នាយករដ្ឋមន្ត្រីកម្ពុជា-វៀតណាម នៅវិមានសន្តិភាព បានចាប់ផ្តើមហើយ។ ពិធីសំណេះសំណាល នេះធ្វើឡើងនៅវិមានសន្តិភាព នៅវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ។ កិច្ចជួបសំណេះសំណាល និងពិភាក្សានេះក៏មានការចូលរួម ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងភរិយារបស់នាយករដ្ឋមន្រ្តីវៀតណាមផងដែរ។
ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក ការងារសំខាន់ៗមួយចំនួនត្រូវបានគេរំពឹងថា នឹងលើកយកមកពិភាក្សា មានដូចជា ការពង្រីកទំនាក់ទំនង ការពង្រីកទំហំពាណិជ្ជកម្ម បញ្ហាសន្តិសុខប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ បញ្ហាទេសចរណ៍ រួមទាំងការងាររំដែន រវាងប្រទេសទាំងពីរផងដែរ។
ដំណើរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅកម្ពុជានាពេលនេះ បានធ្វើឡើងចំខួប៥០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា និងវៀតណាម ក្រៅពីការពិភាក្សាលើការងារសំខាន់ៗមួយចំនួនទៅហើយនោះ សម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀន សួនហ៊្វុក ក៏នឹងរួមគ្នាធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងពិធីសារមួយចំនួនផងដែរ។