(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វៀន សួនហ៊្វុក ជួបសំណេះសំណាល និងពិភាក្សាលើការងារមួយចំនួន។
ពិធីសំណេះសំណាលនេះធ្វើឡើងនៅវិមានសន្តិភាព។ ក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន និងលោក ង្វៀន សួនហ៊្វុក ការងារសំខាន់ៗមួយចំនួនត្រូវបានគេរំពឹងថា នឹងលើកយកមកពិភាក្សា មានដូចជា ការពង្រីកទំនាក់ទំនង ការពង្រីកទំហំពាណិជ្ជកម្ម បញ្ហាសន្តិសុខប្រទេសទាំងពីរ ក៏ដូចជាក្នុងតំបន់ បញ្ហាទេសចរណ៍ រួមទាំងការងាររំដែន រវាងប្រទេសទាំងពីរផងដែរ។
ដំណេីរបំពេញទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីវៀតណាមនៅកម្ពុជានាពេលនេះ បានធ្វើឡើងចំខួប៥០ឆ្នាំ នៃទំនាក់ទំនងកម្ពុជា និងវៀតណាម ក្រៅពីការពិភាក្សាលើការងារសំខាន់ៗមួយចំនួនទៅហើយនោះ សម្តេចតេជោ ហ៊ុន សែន និង លោក ង្វៀន សួនហ៊្វុក ក៏នឹងរួមគ្នាធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងពិធីសារមួយចំនួនផងដែរ។
សូមបញ្ជាក់ថា លោក ង្វៀន សួនហ៊្វុក បានបំពេញទស្សនកិច្ចនៅកម្ពុជាជាលើកដំបូង ក្រោយការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីវៀតណាម កាលពីរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ម្សិលមិញនេះ។ ក្នុងពេលអញ្ជើញមកដល់ប្រទេសកម្ពុជាភ្លាម លោកនាយករដ្ឋមន្ត្រីវៀតណាម និងភរិយា ត្រូវបានទទួលបដិសណ្ឋារកិច្ចយ៉ាងរ៉ាក់ទាក់ដោយសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅភូមិគ្រឹះក្បែរវិមានឯករាជ្យ។
បន្ទាប់មកលោកនាយករដ្ឋមន្ត្រីវៀតណាម និងភរិយា ក៏បានចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅព្រះបរមរាជវាំង។
តាមការគ្រោងទុកក្នុងដំណើរទស្សនកិច្ចនៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧នេះ លោក ង្វៀន សួនហ៊្វុក ក៏នឹងអញ្ជើញទៅគោរពវិញ្ញាណក្ខន្ធវីរអ្នកស្នេហាជាតិកម្ពុជា ដែលបានពលីជីវិតក្នុងបុព្វហេតុដណ្តើមឯករាជ្យពីបារាំង និងដាក់កម្រងផ្កានៅវិមានឯករាជ្យ បន្ទាប់មកលោកនឹងអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រខ្មែរ ព្រះបរមរតនកោដ្ឋ ព្រះនរោត្តម សីហនុ នៅវិមានព្រះបរមរូប។
លោក ង្វៀន សួនហ៊្វុក ក៏នឹងអញ្ជើញទៅដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធអ្នកពលីជីវិតក្នុងបុព្វហេតុរំដោះ ជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅស្តូបមិត្តភាពកម្ពុជា និងវៀតណាម នៅសួនច្បារមុខវត្តបទុមវតីផងដែរ៕