(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ម្សិលមិញ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៨នាក់ និងរបួសធ្ងន់ចំនួន ១៥នាក់ និងស្រាល១៨នាក់។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍១២លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៩គ្រឿង រថយន្ដធុនតូចចំនួន៥គ្រឿង និងរថយន្តធំ១គ្រឿង និងអ្នកថ្មើរជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៤លើក, ប្រជែង២លើក, បត់គ្រោះថ្នាក់២លើក និងមិនគោរពសិទ្ធិ១លើក។
សូមបញ្ជាក់ថា រយៈពេល២៤ថ្ងៃ ចាប់ពីថ្ងៃទី០១ រហូតដល់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង ចំនួន៣២៣លើក បណ្ដាលឲ្យស្លាប់១៥៧នាក់ របួសធ្ងន់៣៣៨នាក់ និងរងរបួសស្រាល២៥៣នាក់៕