(កំពត)៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត បានបញ្ជាឲ្យកម្លាំងអន្តរាគមន៍ឈុតខ្មៅ សហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀនខេត្ត និងកម្លាំងជំនាញក្រុងកំពត ចុះបង្ក្រាបករណីគ្រឿងមួយកន្លែង ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ដោយឃាត់បានជនសង្ស័យ៣នាក់ និងដកហូតបានថ្នាំ១៩កញ្ចប់។
លោកឧត្តមសេនីយ៍ទោស្នងការ បានបញ្ជាក់ថា ប្រតិបត្តិការបង្ក្រាបនេះ ត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ នៅបន្ទប់ជួល ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ក្រោមការសម្របសម្រួលពីលោក ខាន់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត។
បើតាមលោកស្នងការ ជនសង្ស័យទាំង៣នាក់ ដែលបង្ក្រាបបានទី១៖ ឈ្មោះ ស៊ូន កុសល អាយុ២១ឆ្នាំ រស់នៅភូមិកែវក្រសាំង សង្កាត់កែប ក្រុងកែប ខេត្តកែប, ទី២៖ឈ្មោះ យ៉ែម សុរដ្ឋា អាយុ១៦ឆ្នាំ រស់នៅភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ និងទី៣៖ឈ្មោះ ឈឹម យាន ភេទស្រី អាយុ១៥ឆ្នាំ រស់នៅភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលជាមួយគ្នា។ ក្រោយប្រតិបត្តិការ កម្លាំងជំនាញដកហូតបាន គ្រឿងញៀនប្រភេទម៉ាទឹកកក ចំនួន១៩កញ្ចប់ និងវត្ថុតាងមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅការិយាល័យគ្រឿងញៀនខេត្ត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់៕