(មណ្ឌលគិរី)៖ ទេសរដ្ឋមន្រ្តី ហ៊ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា និងលោកស្រី នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ បានជួបសំណេះសំណាល ជាមួយព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ថ្នាក់ដឹកនាំ មន្រ្តីរាជការ អាចារ្យ-អាចារិនី សមាគមគ្រិស្តសាសនិក ឥស្លាមសាសនិក មកពីខេត្តមណ្ឌលគីរី ជាង១៥០អង្គ/នាក់ នៅសាលាខេត្តមណ្ឌលគិរី និងនៅសាលាខេត្តរតនគិរីចំនួន ២៧០អង្គ/នាក់ទៀតផងដែរ។
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងសាសនា បានបញ្ជាក់ថា ការចុះជួបសាសនិកមកពីគ្រប់សាសនា នៅខេត្តទាំងពីរនេះ ធ្វើឡើងក្នុងគោលបំណងផ្តល់អនុសាសន៍ និងណែនាំពីបញ្ហាសុខដុមនីយកម្មសាសនា បញ្ហាគ្រឿងញៀន និងច្បាប់ចរាចរណ៍ ដើម្បីផ្សារភ្ជាប់ការប្រតិបត្តិសាសនា ជាមួយការអប់រំពីបញ្ហាសង្គមទាំងនោះ បញ្ជ្រាបឲ្យបានដល់ប្រជាពលរដ្ឋទូទៅ។
លោកទេសរដ្ឋមន្រ្តីក៏បានផ្ដាំផ្ញើការសួរសុខទុក្ខពី សំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជម្រាប់ដល់សាសនិក និងប្រជាពលរដ្ឋ នាឱកាសនោះផងដែរ៕