ឃាត់ខ្លួនអតីតមន្ត្រីអាវុធហត្ថខេត្តកំពតម្នាក់ ជាមេខ្លោងជួញដូរគ្រឿងញៀន និងបក្ខពួក០២នាក់ទៀត នៅក្រុងកំពត
24-04-2017 21:07
(កំពត)៖ កម្លាំងនគរបាលអន្តរាគមន៍ឈុតខ្មៅ សហការជាមួយកម្លាំងនគរបាលគ្រឿងញៀនខេត្ត និងកម្លាំងនគរបាលជំនាញក្រុងកំពត ដោយមានការបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត និងសម្រួលនីតិវិធីដោយលោកព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកំពត ខាន់ សុផល នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ បង្ក្រាបមេក្លោងជួញដូរគ្រឿងញៀនម្នាក់ ជាអតីតមន្ដ្រីអាវុធហត្ថ និងបក្ខពួក២នាក់ទៀត នៅភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត់។
លោកវរសេនីយ៍ទោ លក ញ៉ាវ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត ដែលបានដឹកនាំប្រតិបត្តិការនេះផ្ទាល់ បានឲ្យដឹងថា ក្រុមគ្រឿងញៀនដ៏សកម្មនេះ ជនសង្ស័យឈ្មោះ លី តៅហ៊ួរ ហៅចាន់ចាវ អាយុ២៣ឆ្នាំ ដោយឃាត់ជាក់ស្តែងតាមផ្លូវ និងដកហូតបានថ្នាំ១កញ្ចប់។ លោកបន្តថា ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ ក៏ឈានទៅឃាត់ខ្លួនមេជួញដូរពីរនាក់ប្តីប្រពន្ធទៀត នៅចំណុចផ្ទះជួលមួយកន្លែង ក្បែរក្លោងទ្វារវត្តពិជយ័ឧត្តុង្គន៍ ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ដោយជនសង្ស័យជាប្តី ឈ្មោះ ជា ចាន់ដារ៉ា អាយុ៣៤ឆ្នាំ ជាអតីតកងរាជអាវុធហត្ថខេត្តកំពត និងប្រពន្ធឈ្មោះ អន អាណា អាយុ៣០ឆ្នាំ។
បើតាមលោកនាយការិយាល័យ ក្រោយបង្ក្រាបបានកម្លាំងជំនាញដកហូតបាន ថ្នាំញៀន២កញ្ចប់, ជញ្ជីងថ្លឹងថ្នាំ១គ្រឿង, ទុយោសម្រាប់ជក់១ស្បោង និងថង់ផ្លាស្ទិកសម្រាប់វេចខ្ចប់មួយចំនួនធំ ព្រមទាំងសម្ភារៈមួយចំនូនទឿត។
បច្ចុប្បន្នជនសង្ស័យទាំងបីនាក់ ត្រូវបានបញ្ជូនទៅការិយាល័យគ្រឿងញៀនខេត្ត ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕