Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ពង្រឹងភូមិឃុំមានសុវត្ថិភាព! កម្លាំងនគរបាលខេត្តព្រះសីហនុ ប្រមាញ់បានចោរឆក់២នាក់ភ្លាមៗ ក្រោយឆក់កាបូប​ភ្ញៀវបរទេស​នៅឆ្នេរអូរត្រេះ២

24-04-2017 21:02

(​ព្រះសីហនុ)៖ លោកវរសេនីយ៍ទោ ភុល ភស្តា អធិការ​នគរបាលក្រុង​ព្រះសីហនុ បានឲ្យដឹង​ថា នៅរសៀលថ្ងៃទី​២៤ ខែមេសា ឆ្នាំ២០១៧​នេះ កម្លាំងនគរបាលខេត្ត រួមជាមួយនគរបាលក្រុងព្រះសីហនុ និងនគរបាលសង្កាត់លេខ៤ បានសហការគ្នា ព័ទ្ធចាប់ក្រុមឆក់សម្ភារភ្ញៀវទេសចរ បានចំនួន២​នាក់ នៅឆ្នេរអូរត្រេះ២ សង្កាត់លេខ៤ ក្រោយធ្វើសកម្មភាពឆក់កាបូប របស់ភ្ញៀវបរទេស ដែលទុកនៅលើឆ្នេរខ្សាច់ ហើយចុះងូតទឹកសមុទ្រ។

លោកអធិការបានបន្តថា ជនសង្ស័យទី១ឈ្មោះ ​វ៉ាន់ រស់ អាយុ​១៦ឆ្នាំ​ ជាអ្នកឆក់យកកាបូប មានស្រុកកំណើតនៅ ខេត្តពោធិ៍សាត់ និងទី២ឈ្មោះ ពៅ ប៊ុនហួត អាយុ១៧ឆ្នាំ រស់នៅភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាអ្នកបើកម៉ូតូ។

តាមចម្លើយរបស់ ឈ្មោះ ពៅ ប៊ុនហួត បានសារភាពថា កន្លង​មក ខ្លួនធ្លាប់បានឆក់សម្ភាររបស់ភ្ញៀវបរទេសនៅឆ្នេរអូរត្រេះ ម្តងមក​ហើយ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ កន្លងទៅ ជាមួយឈ្មោះ ពេជ្រ។

ក្នុងប្រតិបត្តិការបង្ក្រាបនោះ កម្លាំងសមត្ថកិច្ចបានដកហូតវត្តុតាងមួយចំនួន រួមមាន៖ កាបូបស្ពាយពណ៌ខ្មៅ១ ស្រោមដាក់កាមេរ៉ាថតរូប១ ម៉ាស៊ីនថតរូបម៉ាក Nikon ១គ្រឿង និងម៉ូតូម៉ាកស្មាស់វី ពណ៌ខ្មៅ សេរីឆ្នាំ២០១៦ គ្នានស្លាកលេខ ១គ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាព។

ស្របតាមគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល និងក្រោមការណែនាំជាប្រចាំរបស់ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងសមត្ថកិច្ចទូទាំងខេត្តជាប់ឆ្នេរសមុទ្រមួយនេះ បានចុះប្រតិបត្តិការជាប្រចាំផងដែរ ដើម្បីការពារសន្តិសុខជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិនានា៕