(ពោធិ៍សាត់)៖ លំនៅដ្ឋានរបស់ប្រជាពលរដ្ឋចំនួន៤២ខ្នង នៅក្នុងស្រុកវាលវែង ស្រុកកណ្ដៀង និងស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ បាននូវបាតុភូតធម្មជាតិខ្យល់កន្ត្រាក់បក់បំផ្លាញ បណ្តាលឲ្យរបើកដំបូល និងរលំដេកដួល ។
មន្រ្តីមូលដ្ឋានបានបញ្ជាក់ថា នៅភូមិកណ្តាល ឃុំអន្លង់រាប ស្រុកវាលវែង ខ្យល់កន្រ្តាក់បានបំផ្លាញផ្ទះប្រជាពលរដ្ឋ ១០ខ្នង នៅភូមិកញ្ជរ, ភូមិបឹងក្រាញ់ ឃុំកញ្ជរ ស្រុកកណ្ដៀង ត្រូវបានខូចខាតអស់ចំនួន ៣០ខ្នង និងនៅភូមិទួលអណ្តែត ឃុំស្វាយស ស្រុកក្រគរ ត្រូវបានខូចខាតអស់ចំនួន ២ខ្នង របួសមនុស្សម្នាក់។
មន្រ្តីដដែលបានបន្តថា កម្លាំងសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានស្រុកទាំង៣ខាងលើ បានសហការគ្នាចុះជួយរុះរើសម្ភារ នានាជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា និងត្រៀមសាមគ្គីគ្នាជួយជួសជុលផ្ទះ ជូនពួកគាត់ឡើងវិញផងដែរ៕