(តាកែវ)៖ លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ បានក្រើនរំលឹកដល់ប្រធានក្រុមបក្ស និងអនុប្រធានក្រុមបក្សទាំងអស់នៃឃុំព្រៃកប្បាសត្រូវបន្តបម្រើប្រជាជនឲ្យអស់ពីចិត្តថ្លើម។
លោកបន្តទៀតថា គោលបំណងជាចម្បងរបស់គណបក្សប្រជាជនកម្ពុជាគឺធ្វើឲ្យប្រជាជនមានជីវភាពកាន់តែរីកចម្រើនល្អប្រសើរជាលំដាប់។ រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនជាបន្តបន្ទាប់។
ជាក់ស្តែងក្នុងដំណើរអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងឆ្នាំ២០១៦ កម្ពុជាធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដោយក្នុងនោះកំណើនសេដ្ឋកិច្ចមានកំណើន៧% អតិផរណារក្សាបានកម្រិតទាបជាង៥% អត្រាប្តូរប្រាក់មានស្ថិរភាពក្នុងរង្វង់ជាង ៤ពាន់រៀលបន្តិចក្នុង ១ដុល្លារអាមេរិក ផលិតផលសរុបក្នុងស្រុកជាមធ្យមសម្រាប់មនុស្សម្នាក់ៗកើនពី ៧៦០ដុល្លារអាមេរិក ក្នុងឆ្នាំ២០០៨ ដល់១៣០០ដុល្លារអាមេរិកក្នុងឆ្នាំ២០១៦។ នៅឆ្នាំ២០១៧នេះ កម្ពុជាបានចាកចេញពីចំណាត់ថ្នាក់ជាប្រទេសចំណូលទាបក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងសម្រេចឲ្យបាននូវគោលដៅជាតិដែលមានបំណងប្រែក្លាយជាប្រទេសមានចំណូលមធ្យមខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ២០៥០។
លោក យឹម ណុលឡា ថ្លែងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយប្រធានក្រុមបក្ស និងអនុប្រធានក្រុមបក្សជាង៤០០នាក់ នៅឃុំព្រៃកប្បាស ស្រុកព្រៃកប្បាស ខេត្តតាកែវ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ដោយមានការចូលរួមពី លោក កែវ រ៉េមី អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស លោក ហង្ស ម៉ើន ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយឃុំព្រៃកប្បាស និងក្រុមការងារថ្នាក់ឃុំ ស្រុក និងថ្នាក់ខេត្តផងដែរ។
លោកទេសរដ្ឋមន្រ្តី យឹម ណុលឡា បានជម្រាបជូនប្រធានក្រុមបក្ស និងអនុប្រធានក្រុមបក្សទាំងអស់ពីសារៈសំខាន់នៃការបោះឆ្នោតឃុំ-សង្កាត់ ព្រោះក្រុមប្រឹក្សាឃុំ-សង្កាត់ជាអង្គបោះឆ្នោតអសាកលក្នុងការជ្រើសរើសសមាជិកព្រឹទ្ធសភា និងក្រុមប្រឹក្សារាជធានីខេត្តស្រុក ខណ្ឌ ហើយមេឃុំ-ចៅសង្កាត់ជាអ្នកតែងតាំងមេភូមិ និងអនុប្រធានភូមិ។
ដូច្នេះភារកិច្ចចំពោះមុខរបស់ប្រធានក្រុមបក្ស និងអនុប្រធានក្រុមបក្សត្រូវថែរក្សាសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យមានរឹងមាំនៅគ្រប់កាលៈទេសៈ និងគ្រប់ស្ថានភាព ត្រូវគាំទ្របេក្ខជនរបស់បក្សយើង។ សមាជិកបក្សម្នាក់ៗជាសន្លឹកឆ្នោតមួយសន្លឹករបស់បក្សពិតប្រាកដ។ ព្រមជាមួយនោះខិតខំចលនាឲ្យគ្រួសារមាន ប្រពន្ធឬប្តី ឪពុកម្តាយបង្កើត ឪពុកម្តាយក្មេក កូនចៅ និងបងប្អូនឲ្យបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ៕