(ព្រះសីហនុ)៖ លោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង បានដឹកនាំគណៈប្រតិភូ ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ។
ក្រៅពីជួបសំណេះសំណាល លោកតំណាងរាស្ដ្រវ័យក្មេងរូបនេះ ក៏បានប្រគល់អំណោយជាសម្ភារអន្តរាគមន៍យ៉ាងច្រើន ដល់កម្លាំងអន្តរាគមន៍ខេត្តព្រះសីហនុ រួមមានខ្សែក្រវាត់, កាបូបស្ពាយ, និងស្រោមកាំភ្លើងជាដើម។
ក្នុងពិធីសំណេះសំណាល លោក ស សុខា បានថ្លែងកោតសរសើរចំពោះកងកម្លាំងនគរបាលខេត្តព្រះសីហនុទាំងអស់ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងកិច្ចការពារសន្តិសុខ សណ្តាប់ក្នុងសង្គម ជាពិសេសក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន កន្លងមកខេត្តព្រះសីហនុ បង្រ្កាបបានច្រើនករណី។
ទន្ទឹមនឹងការថ្លែងអំណរគុណ លោកបានជូនពរ ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលខេត្តព្រះសីហនុទាំងអស់ សូមឲ្យមានសុខភាពល្អ ប្រាជ្ញាឈ្លាសវៃ និងសម្រេចបានជោគជ័យគ្រប់ភារកិច្ចទាំងអស់ដែលថ្នាក់ដឹកនាំប្រគល់ជូន៕