(ភ្នំពេញ)៖ សាលារាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ បានសម្រេចឱ្យ គណបក្សសង្រ្គោះជាតិ រៀបចំសមាជជាថ្មី នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះ ក៏ប៉ុន្តែអាជ្ញាធរ ក៏បានណែនាំចំនួន៤ចំណុច សម្រាប់គណបក្សសង្រ្គោះជាតិ អនុវត្តផងដែរ។
បើតាមលិខិតរបស់ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ ផ្ញើជូនលោក ម៉ម ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្រ្គោះជាតិ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ បានឱ្យដឹងថា គោលការណ៍៤ចំណុចរបស់អាជ្ញាធររួមមាន៖
ទី១៖ មិនត្រូវសាងសង់រោងពិធីលើចិញ្ចើមផ្លូវ ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈឡើយ
ទី២៖ មិនត្រូវធ្វើការបិទផ្លូវសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ដល់ការធ្វើចរាចរណ៍ឡើយ
៣៖ ត្រូវសហការឱ្យបានល្អ ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ
និងទី៤៖ ផ្សព្វផ្សាយក្រមសីលធម៌ ដល់សមាជិកចូលរួម និងកុំយកកម្មវិធីនេះ ធ្វើសកម្មភាពណាមួយ ឬបំផុសញុះញង់អ្នកចូលរួម ឱ្យកើតជាអំពើហិង្សា ផ្ទុយពីខ្លឹមសារ និងគោលការណ៍ នៃការរៀបចំ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ លោក ម៉ន ផល្លា ប្រធានគណៈកម្មាធិការប្រតិបត្តិរាជធានីភ្នំពេញ បានដាក់លិខិតទៅអភិបាលរាជធានីភ្នំពេញ ដោយស្នើសុំធ្វើសមាជវិសាមញ្ញ គណបក្សសង្រ្គោះជាតិ ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង៨:០០ដល់ម៉ោង១១:០០ ថ្ងៃត្រង់៕