(មណ្ឌលគិរី)៖ ក្មេងស្រី គ-ថ្លង់ម្នាក់ ត្រូវបានជនសង្ស័យនាំយកទៅក្នុងព្រៃក្បែរភូមិរំលោភបានសម្រេច កាលពីពេលកន្លងទៅថ្មីៗនេះ នៅក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បន្ទាប់ពីមានរឿងរ៉ាវបែបនេះ ឪពុកម្តាយក្មេងស្រីរងគ្រោះខំរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ខាងលើឲ្យជួយចាប់ជនល្មើស បែរជាមេប៉ុស្តិ៍ និងលោកអធិការ ស្រុកពេជ្រាដា មិនឲ្យឃាត់ខ្លួនជនសង្ស័យទៅវិញ។
មហាជន និងក្រុមគ្រួសារក្មេងស្រីរងគ្រោះ នៅរង់ចាំមើលចំណាត់ថាតើលោក យ៉ាន់ សាណី នាយប៉ុស្តិ៍ពូជ្រៃ និងលោក សៅ សុវណ្ណរឹទ្ធ អធិការស្រុកពេជ្រាដា មានសមត្ថភាព ឬអសមត្ថភាពចាត់ការរឿងនេះដែរឬទេ ព្រោះក្មេងស្រីរងគ្រោះនូវអំពើរំលោភនោះត្រូវបាននគរបាលការិយាល័យជំនាញ ប្រឆាំងការជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីឲ្យ ក្រុមវេជ្ជបណ្ឌិតធ្វើកោសលវិច្ច័យ្យជាលទ្ធផលបង្ហាញថា ពិតជាមានការរំលោភបានសម្រេចពិតប្រាកដមែន។
ទោះបីមានភស្តុតាងច្បាស់យ៉ាងនេះក្តី សមត្ថកិច្ចនៅមូលដ្ឋានមានលោកមេប៉ុស្តិ៍ និងលោកអធិការស្រុក មិនខ្ចីអើពើធ្វើការឃាត់ខ្លួនជនបង្កនោះឡើយ។
លោក សូត រត្ថា និងអ្នកស្រី ឆេង ធឿន ជាឪពុកម្តាយក្មេងស្រីរងគ្រោះឈ្មោះ សូត ស្រីនីត អាយុ១៧ឆ្នាំ បានឲ្យដឹងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះថា នៅថ្ងៃកើតហេតុគឺថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ កូនស្រីរបស់គាត់ត្រូវបានជនសង្ស័យម្នាក់ឈ្មោះ រិន បូរ៉ា អាយុ២១ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ខណៈដែលពួកគាត់មិននៅផ្ទះជនល្មើសខាងលើបាននាំកូនស្រីគាត់ចូលទៅក្នុងព្រៃក្រោយភូមិ រំលោភបានសម្រេចនៅថ្ងៃបន្ទាប់ រូបគាត់ទាំងពីរនាក់ប្តីនិងប្រពន្ធនាំគ្នាទៅប្តឹងលោកមេប៉ុស្តិ៍ពូជ្រៃ ប៉ុន្តែនគរបាលនៅប៉ុស្តិ៍នេះមិនធ្វើការឃាត់ខ្លួនជនសង្ស័យនោះឡើយ។ មិនតែប៉ុណ្ណោះលោក សៅ សុវណ្ណរឹទ្ធ អធិការស្រុកពេជ្រាដា បញ្ជាមកលោកមេប៉ុស្តិ៍ ពូជ្រៃ ថាមិនឲ្យឃាត់ខ្លួនជនសង្ស័យទៅវិញដោយ សំអាងថាគ្មានភស្តុតាងច្បាស់លាស់។
តាំងពីកើតហេតុ រហូតមកដល់ថ្ងៃនេះមានរយៈពេលជាងមួយសប្តាហ៍ហើយ គេពុំទាន់ឃើញសមត្ថកិច្ចនគរបាលនៅមូលដ្ឋាននោះផ្ទាល់ មានលោកនាយប៉ុស្តិ៍ យ៉ាន់ សាណី លោក សៅ សុវណ្ណរឹទ្ធ អធិការស្រុកពេជ្រាដា បានបណ្តែតបណ្តោយឲ្យជនល្មើសនៅមានសេរីភាពយ៉ាងរំភើយ គ្មានការរំខានពីសមត្ថកិច្ចនៅទីនោះឡើយ។
ពួកគាត់ជាឪពុកម្តាយក្មេងស្រីរងគ្រោះ បានត្រឹមអង្គុយសម្រក់ទឹកភ្នែកជាងមួយសប្តាហ៍មកហើយដោយសារ លោកមេប៉ុស្តិ៍និងលោកអធិការស្រុកមិនជួយរកយុត្តិធ៌ ដល់ក្រុមគ្រួសារគាត់កំពុងជួបបញ្ហាបែបនេះ។
ក្រុមគ្រួសារមួយនេះ បានធ្វើការសំណូមពរដល់ លោក តូច យ៉ុន ស្នងការខេត្តមណ្ឌលគិរី សូមមេត្តាជួយរកយុត្តិធ៌ដលក្រុមគ្រួសារគាត់ផង ជាពិសេសកូនស្រីគាត់ដែលកំពុងជួបនៅវិបត្តិផ្លូវចិត្តដ៍ធ្ងន់ធ្ងរ និងចាត់វិធានការតាមផ្លូវច្បាប់មកលើជនបង្កឲ្យបានឆាប់រហ័សផងដែរ។
យ៉ាងណាមិញ លោក យ៉ាន់ សាណី មេប៉ុស្តិ៍ពូជ្រៃ បានឲ្យដឹងនៅរសៀលថ្ងៃទី២៤ ខែមេសានេះថា កំពុងធ្វើការស្រាវជ្រាវលើករណីនេះហើយ។
ចំណែក លោក សៅ សុវណ្ណរឹទ្ធ អធិការស្រុកពេជ្រាដា បានបញ្ជាក់ថា មិនឃាត់ខ្លួនព្រោះវាមិននៅឲ្យប៉ូលីស ឃាត់ខ្លួនផងហ្នឹង! លោកអធិការបានបន្តយ៉ាងខ្លីថា ឡូវសំណុំរឿងនេះបានបញ្ជូនទៅការិយាល័យជំនាញអស់ហើយ៕