(ភ្នំពេញ)៖ ជាស្មារតីគួរប្រុងប្រយ័ត្នខ្ពស់ ចំពោះករណីឃោសនានាំមនុស្សទៅរៀបការ នៅប្រទេសចិន ព្រោះរងនូវហានិភ័យច្រើនណាស់ ជាក់ស្ដែងនៅពេលថ្មីៗនេះ មានករណីមេខ្យល់ខ្មែរ-ចិនមួយក្រុម ប្រុងលោតឆ័ត្រនាំស្រ្តីខ្មែរទៅរៀបការនៅប្រទេសចិន តែសំណាងណាស់ ព្រោះបំណងដ៏ស្មោគ គ្រោកនេះ ត្រូវបានបរាជ័យទៅវិញ ព្រោះក្រុមជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាតជាប់ នៅភូមិវាលស្បូវ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
មិនបង្អង់ទុកយូរទេ កម្លាំងនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ បានបញ្ជួនជនសង្ស័យខ្មែរ-ចិនមួយក្រុមខាងលើ ដែលមានគ្នា៤នាក់ ទៅកាត់ក្ដីនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើសនាំស្រ្តីខ្មែរ យកទៅរៀបការនៅប្រទេសចិន ដោយខុសច្បាប់នេះ។
ជនសង្ស័យទាំង៤នាក់ មានឈ្មោះ ម៉ន ផាន់ណា ភេទស្រី អាយុ២៧ឆ្នាំ, ឈ្មោះ SHI FASONG អាយុ៣៤ឆ្នាំ ជនជាតិចិន, ឈ្មោះ ZHANG ZHASONG អាយុ៣៣ឆ្នាំ ជនជាតិចិន ឈ្មោះ ថៃ ច័ន្ទថា ភេទស្រី អាយុ៣១ឆ្នាំ។
បើតាមសមត្ថកិច្ច អង្គហេតុកើតចេញផ្តើមចេញពីបទល្មើសតែមួយ ពោលគឺជនសង្ស័យជាស្រ្តីខ្មែរ ២នាក់ មានប្តីជាជនជាតិចិន និងបានទៅរស់នៅប្រទេសចិនច្រើនឆ្នាំហើយ។ ថ្មីៗនេះ ស្រ្តីជាភរិយាបាននាំប្តីជនជាតិចិន មកលេងស្រុកកំណើត (ស្រុកខ្មែរនៅខេត្តព្រែវែង) ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរផង។ ក្រោយចប់ចូលឆ្នាំខ្មែរហើយ ស្រ្តីខ្មែរ និងប្តីជនជាតិចិន បានផ្តើមគំនិតទាក់ទងរកនារីខ្មែរ ដើម្បីនាំទៅរៀបការជាមួយជនជាតិចិន ជាថ្នូបានប្រាក់កម្រៃប្រយោជន៍ផ្ទាល់ខ្លួន។
ប្តីប្រពន្ធ២នាក់ រកបាននារីខ្មែរ៣នាក់ និងបានរៀបចំធ្វើបែបបទ (ឯកសារ) រួចរាល់អស់ហើយ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧ ពួកគេបាននាំជនរងគ្រោះមកជួលផ្ទះសំណាក់វ៉ាស៊ិនតោន ស្ថិតនៅសង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ ស្នាក់នៅជាបណ្តោះអាសន្ន។ លុះថ្ងៃទី២១ ខែមេសា ពួកគេត្រូវដល់ថ្ងៃកំណត់នាំចេញ ក៏ធ្វើដំណើរជិះរថយន្តតាក់ស៊ីទៅដល់ម្តុំភូមិវាលស្បូវ សង្កាត់ព្រែកឯង តាមបណ្តោយផ្លូវជាតិលេខ១ គោលដៅទៅកាន់ប្រទេសវៀតណាម ក៏ត្រូវកម្លាំសមត្ថកិច្ចចាប់ខ្លួនតែម្ដង៕