(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងប្តេជ្ញាប្រែក្លាយតំបន់ព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាងទាំងអស់ ទៅជាតំបន់ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងតំបន់អភិវឌ្ឍន៍ ស្របតាមបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដែលមិនត្រូវការលេណដ្ឋានសង្រ្គាមនោះឡើយ។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវ និងស្ពានឆ្លងកាត់ព្រំដែនកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) តម្លៃប្រមាណ ៣៦លានដុល្លារអាមេរិក ដែលជាស្ពានសង់រួមគ្នារវាងកម្ពុជា និងវៀតណាមនាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ។
នៅចំពោះមុខនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន សួនហ៊្វុក ដែលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្ពានឆ្លងព្រំដែនមួយខ្មែរនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មានអ្នកខ្លះចង់បានសុខសន្តិភាព ដើម្បីការអភិវឌ្ឍជាមួយប្រទេសជិតខាង តែក៏មានជនខ្លះចង់ឲ្យកម្ពុជា មានជម្លោះជាមួយប្រទេសជិតខាងផងដែរ។ សម្តេចបានបន្ថែមទៀតថា ពេលនេះរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំអភិវឌ្ឍន៍តំបន់ព្រំដែនទាំងអស់ ឲ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងមិត្តភាព។ សម្តេចចោទសួរថា តើប្រជាជនចង់ផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ ឬចង់ជីកលេណដ្ឋានដើម្បីប្រយុទ្ធគ្នាដូចពីអតីតកាល។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រជាជន និងរដ្ឋាភិបាលវៀតណាម ដែលបានជួយកម្ពុជា ក្នុងការរំដោះប្រទេសចេញពីរបបប៉ុលពត និងបានជួយផ្តល់ធនធានក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ សម្តេចតេជោ ក៏ចូលរួមអបអរសាទរចំពោះភាពរីកចម្រើនរបស់វៀតណាម ដែលភាពរីកចម្រើននេះ នឹងជួយដល់ភាពរីកចម្រើនរបស់ប្រទេសជិតខាង ដូចជាកម្ពុជាជាដើម។
សម្តេចនាយករដ្ឋមន្រ្តី បានបន្ថែមថា កម្ពុជាបានសម្រេចនូវសមិទ្ធផលជាច្រើន តែកម្ពុជានៅតែមានមហិច្ឆតាជំរុញពាណិជ្ជកម្មកម្ពុជា និងវៀតណាម ឲ្យបាន៥ពាន់លានដុល្លារអាមេរិក ដែលជាការជួយរក្សាកំណើនសេដ្ឋកិច្ចប្រមាណ៧ភាគរយក្នុងមួយឆ្នាំ។ សម្តេចបានបន្តថា ដើម្បីរក្សាបានកំណើនសេដ្ឋកិច្ចនេះ គឺទាមទាររក្សាឲ្យបាននូវសុខសន្តិភាព។
ចំពោះសមិទ្ធផលថ្មីនៃស្ពានឆ្លងកាត់ព្រំដែនជ្រៃធំ-ឡុងប៊ិញនេះវិញ សម្តេចតេជោ ហ៊ុន សែន គឺជាសមិទ្ធផលមួយកើតចេញពីចំណងដៃនៃទំនាក់ទំនង៥០ឆ្នាំរវាងកម្ពុជា និងវៀតណាម (១៩៦៧-២០១៧) និងបង្ហាញពីសមានចិត្តរបស់វៀតណាមផងដែរ។ សម្តេចរំពឹងថា ស្ពាននេះនឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនជីវភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការជំរុញទំនាក់ទំនង រវាងប្រទេសក្នុងតំបន់ទន្លេមេគង្គផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វត្តមានស្ពាននេះ គឺបានឆ្លុះបញ្ចាំងពីគោលនយោបាយរបស់សម្តេច ដែលបានដាក់ចេញក្នុងការធ្វើឲ្យតំបន់អតីតសមរភូមិ និងតំបន់ប្រទេសជិតខាងទាំងអស់ទៅជាព្រំដែនសន្តិភាព មិត្តភាព និងសហប្រតិបត្តិការ។
ក្នុងពិធីនាព្រឹកមិញនេះ សម្តេចនាយករដ្ឋមន្រ្តី ក៏បានឆ្លៀតឆ្លើយតបអ្នកដែលហៅសម្តេចថាជាអាយ៉ងវៀតណាម តាមរយៈការនិយាយវៀតណាមផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពេលសម្តេចនិយាយវៀតណាម មានអ្នកថា សម្តេចអាយ៉ងវៀតណាម តែមិនទាន់មានអ្នកថាសម្តេចជាអាយ៉ងបារាំង និងអង់គ្លេស នៅឡើយទេ ពេលសម្តេចនិយាយភាសាអង់គ្លេស និងបារាំង៕