(ភ្នំពេញ)៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នឹងអនុញ្ញាតឱ្យ លោក ង្វៀង សួនហ្វ៊ុក (NguyenXuanPhuc) នាយករដ្ឋមន្រ្តីវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅម៉ោង ៣៖១៥នាទីរសៀល ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៧ ស្អែកនេះ។ នេះបើតាមសេចក្តីប្រកាសផ្លូវការ របស់រដ្ឋសភា។
លោក ង្វៀន សួនហ្វ៊ុក ដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី ២៤ ដល់ ថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០១៧ តាមការអញ្ជើញរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ក្នុងឱកាសដំណើរទស្សនកិច្ចនេះ លោក ង្វៀន សួនហ្វ៊ុក នឹងចូលគ្រាបបង្គំគាល់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅព្រះបរមរាជវាំង។ បន្ទាប់ពីនោះ លោកនឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នា ជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ហើយនឹងជួបពិភាក្សាទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ផងដែរ។ ក្រៅពីនេះ នាយករដ្ឋមន្រ្តីវៀតណា នឹងចូលថ្វាយបង្គំសម្តេចអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជនៃគណៈមហានិកាយកម្ពុជា។
នៅព្រឹកមិញនេះ លោកបានអញ្ជើញធ្វើជាសហអធិបតី ក្នុងពិធីសម្ពោធស្ពានតភ្ជាប់ជ្រៃធំ (ខេត្តកណ្ដាល) និងឡុងប៊ិញ (ខេត្តអានយ៉ាង) ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា៕