(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានថ្លែងថា ជប៉ុនមានគម្រោងនឹងសាងសង់អគ្គកុងស៊ុលរបស់ខ្លួនមួយ នៅក្នុងទឹកដីខេត្តសៀមរាប ដែលជាទឹកដីទេសចរលេចធ្លោ ជាងគេនៅក្នុងប្រទេសកម្ពុជា ហើយការបង្កើតនូវអគ្គកុងស៊ុលនេះ ក៏ដោយសារតែ ភ្ញៀវទេសចរជនជាតិជប៉ុន មានចំនួនច្រើននៅក្នុងទឹកដីខេត្តសៀមរាបនេះដែរ។
ការលើកឡើងបែបនេះរបស់ ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ណាហ្ស៊ីដា កាហ្សូយ៉ា (Nashida Kazuya) អគ្គនាយកក្រសួងការបរទេសជប៉ុន រួមនឹងគណប្រតិភូជាច្រើននាក់ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ នាទីស្តីការគណៈរដ្ឋមន្ត្រី។
ឧបនាយករដ្ឋមន្ត្រី ក៏បានអរគុណផងដែរ ដែលជប៉ុនបានផ្តល់ជំនួយធនធានមនុស្សដល់កម្ពុជា ក្នុងអំឡុងពេលបោះឆ្នោតខាងមុខនេះ។ ក្រោយបញ្ចប់ការពិភាក្សា នៃថ្នាក់ដឹកនាំមន្ត្រីជាន់ខ្ពស់ទាំងពីររូប លោក អ៊ុំ សុកាន ជំនួយការផ្ទាល់របស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានប្រាប់អ្នកសារព័ត៌មានថា «ជប៉ុនមានផែនការ សាងសង់អគ្គកុងស៊ុល នៅក្នុងខេត្តសៀមរាប ដោយសារតែនៅទីនោះមានចំនួនអ្នកទេសចរជនជាតិជប៉ុនច្រើន ទើបជប៉ុនសម្រេចដាក់ផែនការនៅទីនោះ»។
លោកបន្តថា ប្រទេសជប៉ុនមានគម្រោងអញ្ជើញ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសជប៉ុន នៅពេលខាងមុខនេះ ទាំងនេះជាសញ្ញាវិជ្ជមានមួយកម្រិតទៀត ក្នុងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាង កម្ពុជា-ជប៉ុន។
ក្រៅពីកិច្ចពិភាក្សារវាងមន្ត្រីជាន់ខ្ពស់ទាំងពីរលើគម្រោង នៃការបង្កើតអគ្គកុងស៊ុល លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ក៏បានលើកឡើងពីការវិនិយោគទុន របស់ជប៉ុនលើទឹកដីកម្ពុជា ដែលមានការបង្កើតផ្សារទំនើប មន្ទីរពេទ្យ ក៏ដូចជាជើងហោះហើរត្រង់ពីជប៉ុនមកកម្ពុជា ដោយក្រុមហ៊ុនអាកាសចរ អេអ៊ិនអេ ដែលមានតាំងតែពីខែកញ្ញា ឆ្នាំ២០១៦ មកម្លេះ។
ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានរម្លឹក និងកោតសរសើរដល់ប្រទេសជប៉ុន ក្នុងឆ្នាំ២០១៦កន្លងទៅនេះ ក្រុមហ៊ុនជប៉ុនបានប្រើទុនរបស់ខ្លួនលើទឹកដីកម្ពុជាមានដល់ទៅ ១,៣០០លានដុល្លារអាមេរិក ដែលនេះបង្ហាញពីទំនាក់ទំនងពាណិជ្ជកម្មដ៏ល្អមួយរវាង កម្ពុជានិងជប៉ុន៕