(ភ្នំពេញ)៖ សាលាអន្ដរជាតិ South Bridge International School Cambodia (SISC) ត្រូវបានបើសម្ពោធជាផ្លូវការហើយ ដែលជាសាលាផ្ដល់ការអប់រំ ជាលក្ខណៈអន្ដរជាតិលើកម្មវិធីសិក្សាពីរភាសា (Bi- lingual Programme) ព្រមទាំងផ្ដោតសំខាន់ទៅលើគុណភាពជាចំបង ពិធីសម្ពោធនេះធ្វើឡើងក្រោមអធិបតីភាព លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិ South Bridge នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ។
លោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានសើ្នសូមឲ្យមាតាបិតាទាំងអស់នៅកម្ពុជា យកចិត្តទុកដាក់ឲ្យខ្ពស់បំផុតក្នុងការបណ្ដុះបណ្ដាលកូនរបស់ខ្លួនតាំងពីពួកគេនៅក្មេង ដោយបណ្ដុះបណ្ដាលចាប់ពីថ្នាក់មតេយ្យសិក្សា រហូតដល់ថ្នាក់បញ្ចប់ការសិក្សា។
ការថ្លែងស្នើបែបនេះ របស់លោករដ្ឋមន្ដ្រី ក្រសួងអប់រំ យុវជន និងកីឡា ធ្វើឡើងនាឱកាសដែលលោកបានចូលរួមសម្ពោធជាផ្លូវការ សាលាអន្ដរជាតិ South Bridge របស់អ្នកឧកញ៉ា គិត ម៉េង នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧។ ដោយមានការចូលរួមពីសំណាក់ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្ដរជាតិ South Bridge លោកស្រី ម៉ៅ ចំណាន មាតាបិតាសិស្ស និងសិស្សានុសិស្ស ព្រមទាំងភ្ញៀវកិត្តិយស យ៉ាងច្រើនកុះករ។
លោក ហង់ ជួនណារ៉ុន បានថ្លែងឲ្យដឹងថា «នៅពេលបច្ចុប្បន្ននេះ មាតាបិតាយល់ពីសារៈសំខាន់ នៃការអប់រំកូន ការអប់រំនេះទាមទារនូវការបណ្ដុះបណ្ដាល ពីក្រោមមក ដើម្បីជាមូលដ្ឋានគ្រឹះដ៏សំខាន់ ហើយខ្ញុំស្នើសូមឲ្យមាតាបិតាយកចិត្តទុកដាក់ បណ្ដុះកូនតាំងពីក្មេងឡើងទៅ ដោយបណ្ដុះបណ្ដាលតាំងពីមតេយ្យសិក្សា បឋមសិក្សា ដើម្បីឲ្យពួកគាត់មានបំនិន គ្រប់ជ្រុងជ្រោយ»។
លោកថ្លែងបន្ដទៀតថា «ចំពោះការបង្កើតសាលា South Bridge នេះឡើង ដើម្បីផ្ដល់ឱកាសឲ្យផ្នែកឯកជន ចូលរួមផ្ដល់សេវាប្រកបដោយគុណភាព ហើយក្រសួង ក៏មានគោលដៅក្នុងការពង្រឹងគុណភាពអប់រំ នេះគឺជាឱកាសមួយ ដើម្បីឲ្យកុមារមាតាបិតាកម្ពុជា បញ្ជូនកូនមករៀននៅទីនេះ ជាជាងបញ្ជូនកូនទៅរៀននៅបរទេស ហើយនេះ គឺជាផ្នែកមួយក្នុងការកាត់បន្ថយចំណាយ ក៏ដូចជាផ្ដល់ឱកាសកាន់តែច្រើន ឲ្យសិស្សានុសិស្សទទួលបានការអប់រំ មួយប្រកបដោយគុណភាព»។
លោកបានបញ្ជាក់បន្ថែមទៀតថា ការបង្រៀននៅសាលា ដែលមានស្ដង់ដារអន្ដរជាតិនេះ នឹងធ្វើការឲ្យសិស្សានុសិស្ស មានគំនិតទូលំទូលាយបន្ថែមទៀត។ លោកថា «ខ្ញុំសូមថ្លែងអំណរគុណ ដល់សាលា South Bridge ដែលបានបញ្ជូលកម្មវិធីសិក្សារបស់យុវជន និងកីឡា ដូច្នេះយើងរៀនទាំងកម្មវិធីភាសាបរទេស និងរៀនទាំងកម្មវិធី ភាសាខែ្មរ»។
ជាមួយគ្នានេះដែរលោក Raymond Yager អគ្គនាយកប្រតិបត្តិនៃសាលាអន្ដរជាតិ South Bridge បានថ្លែងឲ្យដឹងថា «យើងមានមោទនភាពយ៉ាងខ្លាំងដែល សាលាអន្ដរជាតិ South Bridge ត្រូវបានសម្ពោធជាផ្លូវការក្នុងថ្ងៃនេះ។ សាលាអន្ដរជាតិ South Bridge ផ្ដោតលើកម្មវិធីសិក្សាដែលទទួលស្គាល់ជាលក្ខណៈអន្ដរជាតិ ដែលយើងបានទទួលអាជ្ញាប័ណ្ណពីចក្រភពអង់គ្លេស។ កម្មវិធីសិក្សានេះត្រូវបានរៀបចំឡើងដោយធានាឲ្យបាននូវការសិក្សា យ៉ាងម៉ត់ចត់ ក្នុងគោលបំណងចូលរួមអភិវឌ្ឍសិស្សានុសិស្ស ដើម្បីក្លាយទៅជាបុគ្គលដែលប្រកបដោយសម្បជញ្ញៈ បុគ្គលដែលចេះដោះស្រាយបញ្ហាបានព្រមជាមួយនឹងស្ដង់ដារនៃវិជ្ជាជីវៈ ហើយនឹងក្លាយជាអនាគតអ្នកដឹកនាំតាមជំនាញដែលពួកគេជ្រើសរើស»។
សូមបញ្ជាក់ថា សាលាអន្ដរជាតិ South Bridge គឺជាសាលាដែលផ្ដល់ការអប់រំ លក្ខណៈអន្ដរជាតិផ្ដោតលើកម្មវិធីសិក្សា ពីភាសារ (Bi- lingual Programme) ដែលអាចទទួលសិស្ស រហូតដល់២៥០០នាក់។ សាលាអន្ដរជាតិនេះ បានចាប់ផ្ដើមបើកទ្វារ ទទួលសិស្សតាំងពីខែមករា ឆ្នាំ២០១៧ ចាប់ពីកម្រិតទារកដ្ឋាន រហូតដល់ថ្នាក់ទី៦ ដែលមានទីតាំងស្ថិត នៅអាគារលេខ៥៦៧ ផ្លូវ ប៉ូឡារីស បុរីប៉េងហួត បឹងស្នោរ ខណ្ឌច្បារអំពៅ តាមបណ្ដោយផ្លូវជាតិលេខ១ រាជធានីភ្នំពេញ។
សម្រាប់ឆ្នាំសិក្សា ២០១៧-២០១៨ បានចាប់ផ្ដើមបវេសនការនៅខែមិថុនានេះ ហើយនឹងបើកទទួលសិស្ស រហូតដល់ថ្នាក់អនុវិទ្យាល័យ រីឯថ្នាក់វិទ្យាល័យ នឹងបើកនៅឆ្នាំសិក្សាបន្ទាប់៕