Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ នាំអំណោយជូនគ្រួសារពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ នៅស្រុកជាំក្សាន្ត

24-04-2017 14:48

(ព្រះវិហារ)៖ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហម ខេត្តព្រះវិហារ លោកស្រី ចឹក ហេង នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ បានដឹកនាំក្រុមការងារ បានចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនគ្រួសារពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់ចំនួន ៣៣គ្រួសារ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

គ្រោះធម្មជាតិខ្យល់កន្រ្តាក់នេះ នៅល្ងាចថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៧ បណ្ដាឲ្យផ្ទះ២០ខ្នង ត្រូវខូចខាតទាំងស្រុង ធ្នាក់ចេញពីជើងតាង១០ខ្នង របើកដំបូល៣ខ្នង ក្នុងឃុំជាំក្សាន្ត និងឃុំរំដោះស្រែ ស្រុកជាំក្សាន្ត។

លោកស្រីប្រធានសាខាកាកបាទក្រហមខេត្ត បានពាំនាំការផ្តាំផ្ញើ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះគ្រួសាររងគ្រោះ ដោយសារខ្យល់កន្រ្តាក់ និងបានសម្តែងនូវការសោកស្តាយដល់គ្រួសាររងគ្រោះ ដែលមិននឹកស្មានដល់ធ្វើឲ្យបាត់បង់ និងខូចខាតទ្រព្យសម្បត្តិ និងសម្ភារប្រើប្រាស់ផ្សេងៗជាច្រើន ហើយលោកស្រីក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយថាហេតុ។

អំណោយផ្តល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ២០គីឡូក្រាម មី១កេះ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ តង់១បន្ទះ និងថវិកាមួយចំនួន​ ក្នុងនោះ​ឧត្តមសេនី​យ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំលេខ៣ បានជួយឧបត្ថម្ភដល់គ្រួសារសពម្នាក់ នូវថវិកា១,០០០,០០០រៀល អង្ករ១០០គីឡូក្រាម ទឹកត្រី២យួរ៕