(ភ្នំពេញ)៖ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Stephen Sui រដ្ឋលេខាធិការទទួលបន្ទុកការងារ និងសុខុមាលភាព នៃតំបន់រដ្ឋបាលពិសេសហុងកុង បានស្នើទៅភាគីហុងកុងឲ្យជួយសហការជាមួយកម្ពុជា ក្នុងការជ្រើសរើស បណ្ដុះបណ្ដាល និងទទួលពលករខ្មែរ ឲ្យទៅបម្រើការងារលើទឹកដីនាគសេដ្ឋកិច្ចអាស៊ីមួយនេះ។
លោករដ្ឋមន្រ្តីក៏បានបញ្ជាក់ប្រាប់ភាគីហុងកុងផងដែរ ពីឱកាសវិនិយោគ និងសក្តានុពលទេសចរណ៍នៅកម្ពុជា សំដៅពង្រីកទំហំពាណិជ្ជកម្ម និងពង្រីកកំណើនទេសចរ រវាងប្រទេសកម្ពុជា ជាមួយនាគហុងកុង ក៏ដូចជាជាមួយចិនផងដែរ។
ការលើកឡើងនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ ខណៈលោក អ៊ិត សំហេង និងគណៈប្រតិភូកម្ពុជា កំពុងជួបពិភាក្សាការងារជាមួយលោក Stephen Sui ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ នៅការិយាល័យរដ្ឋបាលហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីពិភាក្សាក្នុងការបង្កើតចំណងមិត្តភាព ក្នុងវិស័យការងារ សម្រាប់ប្រទេសទាំងពីរ ស្របតាមចក្ខុវិស័យខ្សែក្រវ៉ាត់មួយវិថីមួយរបស់ប្រទេសចិន។ ព្រមជាមួយនោះ ក៏មានបទបង្ហាញពី នីតិវិធីបញ្ជូន និងទទួលពលករបរទេស ការការពារ ការផ្តល់សិទ្ធិ និងអត្ថប្រយោជន៍ផ្សេងៗ សម្រាប់ពលករបរទេស ដែលមកធ្វើការនៅតំបន់រដ្ឋបាលពិសេសហុងកុង។
លោករដ្ឋមន្រ្តីបានថ្លែងថា រដ្ឋបាលហុងកុងបានបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការ លើវិស័យការងារ សម្រាប់ប្រទេសទាំងពីរ ដែលជាចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋាភិបាលចិន ក្នុងការស្វែងរក និងផ្តល់ឱកាសដល់ប្រជាជនកម្ពុជា ទទួលបាននូវការងារ ប្រាក់ឈ្នួលខ្ពស់ សិទ្ធិ និងផលប្រយោជន៍ផ្សេងៗសមរម្យ។ ទំនាក់ទំនងនេះ ជាកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះមួយ សម្រាប់ប្រទេសទាំងពីរ ក្នុងការផ្តល់ឱកាសឱ្យគ្នាទៅវិញទៅមក ទាំងក្នុងវិស័យការងារ និងទេសចរណ៍ ដែលរាជរដ្ឋាភិបាលប្រទេសទាំងពីរ បានពិភាក្សាគ្នាលើកិច្ចការនេះជាបន្តបន្ទាប់។
លោកថា រដ្ឋបាលហុងកុងបានផ្តល់នូវសិទ្ធិ និងអត្តប្រយោជន៍ផ្សេងៗ សម្រាប់ពលករបរទេស ដូចប្រជាជនហុងកុងដែរ។
ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកមានការរីករាយ ចំពោះរដ្ឋបាលហុងកុង ដែលបានផ្តល់ទិដ្ឋាការការងារ ដល់ប្រជាពលរដ្ឋកម្ពុជា ដែលជាអំណោយផលសម្រាប់កម្ពុជា ហើយកម្ពុជាក៏មានការស្វាគមន៍ ចំពោះអ្នកវិនិយោគ អ្នកទេសចរហុងកុង មកកាន់កម្ពុជា ដែលនេះជាចំណងមិត្តភាពរបស់ប្រទេសទាំងពីរ។
លោកបានស្នើដល់រដ្ឋបាលហុងកុង រៀបចំឱ្យមានកិច្ចសហការរវាងភ្នាក់ងារជ្រើសរើស និងគ្រប់គ្រងពលករ នៃប្រទេសទាំងពីរ ដើម្បីធ្វើជាសេនាធិការ ក្នុងការអនុវត្តគម្រោងបឋម ជ្រើសរើសការគ្រប់គ្រងការបណ្តុះបណ្តាល និងបញ្ជូនពលករកម្ពុជា ដែលមានលក្ខណៈសម្បត្តិល្អ មានជំនាញត្រឹមត្រូវ ហើយនិយោជកអាចទទួលយកបាន ដែលទាំងនេះជាសារមួយ សម្រាប់និយោជកហុងកុង និងពលករកម្ពុជា។
រដ្ឋមន្រ្តីក៏បានអញ្ជើញលោករដ្ឋលេខាធិការទទួលបន្ទុកការងារ និងសុខុមាលភាពហុងកុង និងសហការី មកទស្សនកិច្ចនៅកម្ពុជាផងដែរ ដើម្បីបានឃើញពីឱកាសវិនិយោគ និងសក្ដានុពលទេសចរណ៍ នៅកម្ពុជា៕