(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ បានរៀបចំសិក្ខាសាលាស្ដីពី «បច្ចេកទេសនៃការរៀបចំថវិកា» ដើម្បីបណ្ដុះបណ្ដាលមន្រ្តីក្នុងអង្គភាពថវិការបស់ខ្លួន សំដៅពង្រឹង និងបង្កើនសមត្ថភាព ក្នុងការរៀបចំការអនុវត្ត តាមដាន ត្រួតពិនិត្យ និងការវាយតម្លៃការអនុវត្តថវិកាផ្ទៃក្នុងក្រសួង ឱ្យកាន់តែមានប្រសិទ្ធភាព និងសុក្រឹតភាពបន្ថែម ក្រោមអធិបតីភាពលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាក្រសួងសេដ្ឋកិច្ច។
គោលបំណងសំខាន់នៃសិក្ខាសាលានេះ រួមមាន៖ ១.ការពង្រឹង និងបង្កើនសមត្ថភាព ដល់គ្រប់អង្គភាពថវិកាទាំងអស់នៃក្រសួង ក្នុងការរៀបចំការអនុវត្ត, តាមដានត្រួតពិនិត្យ និងការវាយតម្លៃការអនុវត្តថវិកាផ្ទៃក្នុងក្រសួង ឱ្យកាន់តែមានប្រសិទ្ធភាព និងសុក្រឹតភាពបន្ថែមទៀត, និង២.បង្កើនកិច្ចសហការ និងទំនាក់ទំនងរវាងអង្គភាពថវិកា និងអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ ដើម្បីជំរុញការងារថវិកាកម្មវិធីឱ្យល្អប្រសើរ។
សិក្ខាសាលានេះ ប្រព្រឹត្តទៅក្រោមរបៀបវារៈសំខាន់ៗចំនួន២ រួមមាន៖ ទី១.ការផ្សព្វផ្សាយសារាចរស្ដីពី ការរៀបចំផែនការយុទ្ធសាស្ត្រថវិកា ២០១៨-២០២០ និងទី២.ការបង្ហាញបច្ចេកទេសនៃការរៀបចំថវិកា ដោយផ្ដោតសំខាន់លើទិដ្ឋភាពទូទៅ នៃការរៀបចំថវិកា និងការត្រៀមអនុវត្តថវិកា, ការគណនាតម្រូវការចំណាយ, ការគ្រោងចំណាយបន្ទុកបុគ្គលិក, ការរៀបចំបែងចែកមុខសញ្ញាចំណាយ និងការរៀបចំកម្មវិធីចំណូល-ចំណាយប្រចាំត្រីមាស។
លោក ហ៊ាន សាហ៊ីប បានបញ្ជាក់ថា សិក្ខាសាលានេះ ជាសក្ខីភាពថ្មីមួយទៀត ដែលបញ្ជាក់អំពីចក្ខុវិស័យ និងយុទ្ធសាស្ត្រច្បាស់លាស់ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្រោមការដឹកនាំប្រកបដោយឆន្ទៈ ភាពជាម្ចាស់ និងទិសដៅពិតប្រាកដរបស់ក្រសួងសេដ្ឋកិច្ច ដែលបាននិងកំពុងអនុវត្តថវិកាកម្មវិធីពេញលេញ តាមរយៈការដាក់ឱ្យដំណើរការអង្គភាពថវិកាទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន សរុបចំនួន៤៥ ដោយក្នុងនោះ អង្គភាពថវិកាចំនួន៣៣ បានក្លាយជាអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិ លើកិច្ចប្រតិបត្តិការ នៃឥណទានថវិកាប្រចាំឆ្នាំរបស់ខ្លួន រីឯអង្គភាពថវិកាថ្នាក់កណ្ដាលចំនួន១២ផ្សេងទៀត ក៏ត្រូវបានប្រគល់សិទ្ធិ លើការអនុវត្តរជ្ជទេយ្យបុរេប្រទានផងដែរ។
បន្ថែមលើនេះ លោករដ្ឋលេខាធិការបានលើកឡើងថា ជាមួយនឹងការប្រគល់សិទ្ធិ និងការទទួលខុសត្រូវ ក្នុងការបំពេញមុខងារ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ដែលជាអាណាប័កដើមខ្សែ, ប្រធានអង្គភាពថវិកា និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ត្រូវបង្កើនសមត្ថភាពភាពជាម្ចាស់ ដើម្បីឆ្លើយតបទៅនឹងប្រសិទ្ធភាពការងារមួយកម្រិតថែមទៀត ដោយត្រូវចាប់ផ្ដើមគិតគូរចាប់ពីដំណាក់កាលរៀបចំថវិកា ឱ្យកាន់តែមានភាពច្បាស់លាស់ និងគុណភាព ក្នុងគោលដៅសម្រួលដល់ការអនុវត្ត និងផ្ដល់មូលដ្ឋានល្អប្រសើរ ក្នុងការត្រួតពិនិត្យ និងវាយតម្លៃ។
លោករដ្ឋលេខាធិការ បានបញ្ជាក់ពីគោលដៅសំខាន់នៃសិក្ខាសាលានេះ គឺ ១.ការបង្កើតសមត្ថភាពក្រុមការងារថវិកា នៃគ្រប់អង្គភាពថវិកា យល់ដឹងអំពីវិធាន នីតិវិធី និងបច្ចេកទេសនៃការៀបចំថវិកាកាន់តែច្បាស់, ២.ការរៀបចំសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០១៨-២០២០ ឱ្យកាន់តែមានគុណភាព និងទាន់ពេលកំណត់ ដើម្បីជាមូលដ្ឋានក្នុងការជជែកពិភាក្សា កែលម្អបន្ថែម នៅក្នុងវិបស្សនាស្តីពី ការកំណត់ផែនការសកម្មភាព, ការកំណត់សូចនាករសមិទ្ធកម្មគន្លឹះ និងការគណនាតម្រូវការធនធាន សម្រាប់ផែនរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០១៨-២០២០ និងកញ្ចប់ថវិកាឆ្នាំ២០១៨ ដែលនឹងរៀបចំនៅថ្ងៃទី២-៣ ខែឧសភា ឆ្នាំ២០១៧ ខាងមុខ។
លោករដ្ឋលេខាធិការបានលើកទឹកចិត្ត ក៏ដូចជាសំណូមពរដល់សិក្ខាកាមទាំងអស់ ឱ្យចូលរួមសកម្មជាមួយនឹងស្មារតីយកចិត្តទុកដាក់ខ្ពស់ ដើម្បីស្វែងយល់ឱ្យបានកាន់ច្បាស់នូវវិធាន នីតិវិធី និងបច្ចេកទេសនានា ក្នុងការរៀបចំថវិកាកម្មវិធី ប្រកបដោយប្រសិទ្ធភាព៕