(ព្រះវិហារ)៖ បន្ទាប់ពីគ្រោះធម្មជាតិ (ខ្យល់កន្រ្តាក់) វាយប្រហារ និងបំផ្លាញផ្ទះអ្នកស្រុកជាង១០០ខ្នង នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហាររួចមក នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ អភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា បានចាត់ចែងក្រុមការងារកាកបាទក្រហម នាំយកអំណោយទៅចែកជូនភ្លាមៗ ដើម្បីកាត់បន្ថយការលំបាករបស់ពួកគាត់។
ការនាំអំណោយខាងលើនេះដឹកនាំដោយលោកស្រី ចឹក ហេង ដោយចុះមកសាកសួរសុខទុក្ខ ដល់គ្រួសារកងទ័ព ចំណុះទីបញ្ជាការកងពលធំ អន្តរាគមន៍លេខ៣ ដែលបានទទួលរងគ្រោះដោយខ្យល់ព្យុះកន្រ្តាក់ កាលពីវេលាម៉ោង១៥៖៣០នាទី ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧។
ក្រុមការងារបានយកអំណោយកាកបាទក្រហម មកចែកជូនដល់គ្រួសារដែលរងគ្រោះរលំផ្ទះចំនួន១៧ខ្នង និង៩២ខ្នងផ្ទះ ដែលខូចខាតដំបូល ក្នុង១គ្រួសារទទួលបាន៖ ថវិកា១០ម៉ឺនរៀល, មី០១កេស, ទឹកស៊ីអ៊ីវ០១យួរ, ត្រីខ១យួរ, អង្ករ១បេ និងកៅស៊ូតុងចំនួន០១។
ជាការឆ្លើយតប នាយ-ពលទាហាន ព្រមទាំងក្រុមគ្រួសារ ចំណុះកងពលធំអន្តរាគមន៍លេខ៣ ទាំងមូល សូមថ្លែងអំណរ គុណ យ៉ាងជ្រាលជ្រៅចំពោះ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ដែលបានចាត់បញ្ជូនក្រុមការងារកាកបាទក្រហមខេត្ត ដឹកនាំដោយលោកស្រី ចឹក ហេង បានចុះមកជួយគ្រួសារកងទ័ពរងគ្រោះ បានទាន់ពេលវេលាផងដែរ។
សូមបញ្ជាក់ថា ខ្យល់កន្រ្តាក់លាយភ្លៀងមួយមេយ៉ាងធំ វាយប្រហារចំមូលដ្ឋានប្រជាពលរដ្ឋ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ផ្ទះប្រជាពលរដ្ឋជាង១០០ខ្នង និងដំបូលសាលារៀន២ខ្នង ត្រូវបានបំផ្លិចបំផ្លាញយ៉ាងដំណំ រួមជាមួយបង្គោលភ្លើងអគ្គិសនីមួយដើម ត្រូវរលំដូចគេច្រាន ចំណែកស្រ្តីម្នាក់បានស្លាប់ យ៉ាងអាណោចអាធម និង៣នាក់ទៀតបានរងរបួសធ្ងប់ស្រាល។
លោក ជា គឹមសេង អភិបាលស្រុកជាំក្សាន្ត ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅព្រលប់ថ្ងៃនេះថា ករណីនេះកើតឡើងនៅរសៀល ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ នៅឃុំចំនួន៣ ក្នុងស្រុកជាំក្សាន្ត មានឃុំជាំក្សាន្ត ឃុំរំដោះស្រែ និងឃុំយៀង។
លោកថា បាតុភូតធម្មជាតិខ្យល់កន្ត្រាក់លាយឡំភ្លៀងនេះ បណ្ដាលឲ្យរលំផ្ទះទាំងស្រុងចំនួន ១៧ខ្នង របើកដំបូលអស់ចំនួន ៩២ខ្នង រលំបង្គោលភ្លើង១ដើម និងរបើកដំបូលសាលារៀនចំនួន២ខ្នង ព្រមទាំងបណ្ដាលឲ្យស្លាប់ស្ដ្រីម្នាក់ និង៣នាក់ទៀតបានរងរបួស ធ្ងន់ស្រាល៕