(ភ្នំពេញ)៖ ខណៈកម្លាំងនគរបាលខណ្ឌសែនសុខ កំពុងបញ្ជូនក្រុមជនប្រើប្រាស់គ្រឿងញៀនចំនួន៦នាក់ ទៅបន្តនីតិវិធីនៅសាលាដំបូងរាជធានីភ្នំពេញ តាមបញ្ជារបស់ស្ថាប័នអយ្យការផងនោះ ស្រាប់តែមានលោកឧត្តមសេនីយ៍ត្រី ខាងផ្នែកអាវុធហត្ថម្នាក់ ឈ្មោះ ចៅ សាវិន ចេញមុខមកធានាឲ្យដោះលែង ក្រុមជនសង្ស័យទាំងនោះ ឲ្យមានសេរីភាពទៅវិញ ដោយមិនខ្លាចមានបញ្ហាដោយទាំងខ្លួនបន្តិចណាឡើយ ដែលករណីនេះ បានបង្កើតឲ្យមានការរិះគន់ពី ប្រជាពលរដ្ឋយ៉ាងចាស់ដៃ។
ក្រុមជនសង្ស័យទាំង៦នាក់ខាងលើ បានជួលបន្ទប់របស់លោកឧត្តមសេនីយ៍ ចៅ សាវិន ជាកន្លែងស្នាក់នៅប្រចាំថ្ងៃ និងប្រព្រឹត្តសកម្មភាព ប្រើប្រាស់គ្រឿងញៀន យ៉ាងសុខសាន្ត ក្រោយទទួលបានព័ត៌មានដូចនេះភ្លាម លោក អ៊ុ សុភក្តី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាឲ្យកម្លាំងប្រតិបត្តិការខណ្ឌសែនសុខ ចុះឆែកឆេរដល់ផ្ទះកើតហេតុតែម្ដង និងឃាត់ខ្លួនក្រុមជនសង្ស័យបានចំនួន៦នាក់ (ស្រី៤នាក់)។
ការឆ្មក់ចូលបង្ក្រាបក្រុមសេពគ្រឿងញៀន ធ្វើឡើងនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងដកហូតបានឧបករណ៍ជក់ថ្នាំញៀនមួយចំនួន។
ជនសង្ស័យទាំង៦នាក់ ពិតជាបានជួលបន្ទប់ស្នាក់នៅ និងប្រើប្រាស់គ្រឿងញៀន នៅបន្ទប់របស់លោកឧត្តមសេនីយ៍ត្រី ចៅ សាវិន ប្រាកដមែន នេះបើតាមចម្លើយសារភាពរបស់ពួកគេ ដែលមានឈ្មោះ ហ៊ុត លីហ្សា, ហៀង ចាន់ថន, ម៉ៅ ឡេង, ឆន ស្រីណៃ, ស៊ុ សុវណ្ណដេត, លី សា។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ខណៈកម្លាំងនគរបាលខណ្ឌកំពុងបញ្ជូនខ្លួនជនសង្ស័យ ដល់សាលាដំបូងរាជធានីភ្នំពេញភ្លាម គេឃើញ លោកឧត្តមសេនីយត្រី ចៅ សាវិន ដែលជាម្ចាស់ផ្ទះជួលខាងលើ បានទៅដល់អធិការដ្ឋាននគបាលខណ្ឌសែនសុខដែរ ក្នុងគោលបំណងធានាក្រុមអ្នកប្រើប្រាស់គ្រឿងទាំង៦នាក់នោះ ឲ្យមានសេរីភាពវិញ។
ដោយឃើញនូវទង្វើរបស់លោកឧត្តមសេនីយ៍ត្រីបែបនេះ នាំឲ្យសាធារណជនទូទៅរិះគន់ថា ក្នុងនាមជាម្ចាស់ផ្ទះ អាងបុណ្យស័ក្តិជាឧត្តមសេនីយ៍ត្រី ជួលផ្ទះឲ្យគេជក់គ្រឿងញៀនហើយ ហ៊ានចេញមុខមកធានាក្រុមជនសង្ស័យ ពាក់ព័ន្ធគ្រឿងញៀនទៀត ដោយមិនខ្លាចយកជ័រព្នៅបៀកខ្លៀកសោះ។ ករណីនេះ ប្រជាពលរដ្ឋនៅតែរងចាំមើល ការដោះស្រាយរបស់តុលាការក្រុង ថានឹងចាត់ការយ៉ាងណាលើជនសង្ស័យ និងទង្វើរបស់លោកឧត្តមសេនីយ៍ រូបនេះ៕