(ភ្នំពេញ)៖ ហេតុតែមាននិស្ស័យខាងសិល្បៈ មិនអាចកាត់ផ្ដាច់បាន អ្នកនិពន្ធ និងជាតារាចម្រៀងមានដើមកំណើតជាខ្មែរ រស់នៅក្នុងប្រទេសកាណាដា បានចេញមកចាប់ដៃជាមួយនឹង តារាចម្រៀង ជុំ លីណូ ចេញបទ «Original song» ដើម្បីបំបែកទីផ្សារចម្រៀង ខណៈដែលតារាចម្រៀង ជុំ លីណូ ទទួលបានជោគជ័យ លោកបទថ្មីរបស់ខ្លួន ជាច្រើនបទមកហើយ។
កូនខ្មែររស់នៅប្រទេសកាណាដា លោក កែវ តូនី ជា ជាតារាចម្រៀងធ្លាប់ទាញបាន ការទ្រតាមរយៈបទចម្រៀង Original song មួយចំនួនដូចជាបទ «Shape of you,Boom Shalala,បើមិនស្រលាញ់» និងបទ «អ្នកចម្រៀងក្រៅរង្វង់» ជាដើម ហើយឱកាសរួមដៃជាមួយលោកជុំ លីណូ កំពុងតែធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍ជាខ្លាំង។
ងាកមកតារាចម្រៀង ជុំ លីណូ វិញ បន្ទាប់ពីទទួលបានការគាំទ្រតាមរយៈ «អត់សង្សារលើកដៃ» ថ្មីៗនេះ តារាចម្រៀងចូលចិត្តយកស្ទីលតាម កំពូលតារាចម្រៀងលោក ម៉ៃឃើលជេកសុន លោកជុំ លីណូ បានចេញបទ «Original song» ថ្មីមួយទៀតដែលមានចំណងជើងថា «ជូនពរអូន បានសុខនឹងគេ» ដែលជាស្នាដៃ និពន្ធថ្មីរបស់លោក កែវ តូនី ដែលជាកូនខ្មែររស់នៅកាណាដា និងជាតារាចម្រៀងកំពុងលេចធ្លោមួយរូបផងដែរខណៈលោក លីណូ រំពឹងថា ការរួមដៃជាមួយលោកតូនី និងធ្វើឲ្យទីផ្សារចម្រៀងរបស់លោកកម្រើកឡើង មួយកម្រិតថែមទៀត។
បទ«ជូនពរអូន បានសុខនឹងគេ» របស់ជុំលីណូ នឹងបន្ទរដោយលើក កែវ តូនី ទើបចរាចរបានជាង២០ម៉ោង ប៉ុណ្ណោះប៉ុន្តែ កំពុងទាញបានការចាប់អារម្មណ៍ខ្លាំង នៅតាមបណ្ដាញសង្គមហ្វេសប៊ុក និងYoutube ដែលការលើកសរសើរថា ជារសជាតិថ្មីប្លែកបុកចំ បេះដូងយុវវ័យ។
លោកជុំ លីណូ បានថ្លែងប្រាប់ដឹងថា ជាលើកទី១ហើយ ដែលលោកបានរួមដៃជាមួយលោក កែវ តូនី ហើយសម្រាប់បទ «ជូនពរអូន បានសុខនឹងគេ» លោកតូនី ជាអ្នកនិពន្ធថ្មី និងជួយបន្ទរ គឺជារសជាតិថ្មីមួយប្លែក សម្រាប់បងប្អូនទស្សនិកជន ជាពិសេសយុវវ័យ។ លោកពិតជារីករាយបំផុត នៅពេលបានរួមគ្នាជាមួយលោក តូនី បង្កើតរសជាតិថ្មី ខណៈដែលលោកកំពុងត្រៀម ថតឈុតខារ៉ាអូខេនៅកាណាដា ជាមួយលោក តូនី ផងនោះ។ ប្រសិនបើបទនេះ ទទួលបានការគាំទ្រខ្លាំង លោកនឹងមានបទចម្រៀងឆ្លើយឆ្លង ជាមួយលោក កែវ តូនី បន្តបន្ទាប់ទៀត ដើម្បីបំពេញ តាមសេចក្ដីត្រូវការ និងការចូលចិត្តគាំទ្ររបស់ទស្សនិកជន។
លោក តូនី បានបង្ហោះបទ «ជូនពរអូនបានសុខនឹងគេ» នៅលើផេកផ្ទាល់ខ្លួន (Tony keo)ដោយភ្ជាប់ជាមួយសារថា «សូមជូនបទថ្មី ស្ទាយខ្មែរ ច្រៀងដោយបង ជុំ លីណូ និងបន្ទរដោយខ្ញុំ តូនី សូមមិត្តៗជួយគាំទ្រផង នេះគឺជាលើកដំបូង ហើយដែលខ្ញុំនិពន្ធបទ ស្ទាយខ្មែរ»។ ទន្ទឹមនឹងនោះក៏មានការលើកសរសើរ ព្រមជាមួយនិង Like និង share បន្តគួរឲ្យកត់សម្គាល់ ផងដែរ៕