(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ បានបើកវគ្គបណ្តុះបណ្តាលស្តីពី «នីតិវិធីអនុវត្តថវិកាកម្មវិធី» ជូនមន្ត្រីរាជការនៃអង្គភាពថវិកាថ្នាក់កណ្ដាល របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ចំនួន៧៥នាក់ ដែលជាយុទ្ធនាការដ៏សំខាន់មួយ ក្នុងការពង្រឹង ពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងរបស់រជ្ជទេយ្យករ រជ្ជទេយ្យកររង និងមន្ត្រីទទួលបន្ទុកហិរញ្ញវត្ថុ ដើម្បីអនុវត្តការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅក្នុងដំណាក់កាលទី៣ ឱ្យសម្រេចបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព ក្នុងគោលដៅផ្សារភ្ជាប់រវាងថវិកា ទៅនឹងគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល សម្រាប់កាអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
ពិធីបើកវគ្គបណ្តុះបណ្តាល ត្រូវបានរៀបចំឡើងនៅទីស្ដីការក្រសួងសេដ្ឋកិច្ច ក្រោមអធិបតីភាពលោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច ក្រោមកិច្ចសហការរៀបចំឡើងដោយវិទ្យាស្ថានជាតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ ដោយមានការគាំទ្រថវិកាដោយអង្គការយូនីសេហ្វ ហើយវគ្គបណ្ដុះបណ្ដាលនេះ នឹងប្រព្រឹត្តទៅសម្រាប់រយៈពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៤-២៨ ខែមេសា ឆ្នាំ២០១៧។
ទន្ទឹមនេះលោករដ្ឋលេខាធិការបានលើកឡើងថា ការផ្តួចផ្តើមរៀបចំវគ្គបណ្តុះបណ្តាល និងកសាងសមត្ថភាពមន្រ្តីរាជការ គឺជាកត្តាគន្លឹះនាំទៅរកភាពជោគជ័យ ក្នុងការអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ កន្លងមក ក្រសួងសេដ្ឋកិច្ចបានរៀបចំវគ្គបណ្តុះបណ្តាលជាច្រើន ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអង្គភាពថវិការបស់ក្រសួង ស្ថាប័ន និងមន្ទីរជំនាញក្រោមឱវាទ ដែលបានចូលរួមអនុវត្តសាកល្បង ថវិកាកម្មវិធីពេញលេញ។ ជាក់ស្តែង នៅដើមឆ្នាំ២០១៧នេះ ក៏មានវគ្គបណ្តុះបណ្តាលកម្រិតជំនាញចាំបាច់ សម្រាប់អនុវត្តថវិកាកម្មវិធី ភាពជាអ្នកដឹកនាំក្នុងវិស័យសាធារណៈ ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ចំនួន៥វគ្គ ត្រូវបានរៀបចំឡើងដើម្បីអភិវឌ្ឍសមត្ថភាព ជូនមន្រ្តីរាជការ និងថ្នាក់ដឹកនាំជំនាញ នៃអង្គភាពថវិការបស់ក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធក្រោមឱវាទ ដែលចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង ដោយមានសិក្ខាកាមសរុប ៥៣៥នាក់ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលទាំងនោះ។
លោករដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលនេះ អាចចូលរួមចំណែកបង្កើនចំណេះដឹង ពង្រឹងពង្រីកសមត្ថភាព និងបង្កើនការយល់ដឹងជូនដល់មន្រ្តីរាជការ នៃអង្គភាពថវិកាថ្នាក់កណ្ដាលរបស់ក្រសួងសង្គមកិច្ច ដើម្បីឱ្យមានលក្ខណៈសម្បត្តិកាន់តែគ្រប់គ្រាន់ និងតម្រង់ទិសការអនុវត្តថវិកាកម្មវិធី ឱ្យឈានទៅសម្រេចបាននូវគោលនយោបាយរបស់ក្រសួងផ្ទាល់ ហើយវគ្គនេះ ពិតជាត្រូវបានរៀបចំឡើងទាន់ពេលវេលា ដែលអាចពង្រីកការយល់ដឹងបន្ថែមទៀត ដល់មន្ត្រីអនុវត្តថវិកាកម្មវិធី ដើម្បីឱ្យការអនុវត្តការងារអាចប្រព្រឹត្តទៅដោយរលូន ប្រកបដោយតម្លាភាព គណនេយ្យភាព មានភាពសន្សំសំចៃ និងអាចឆ្លើយតបទៅនឹងតម្រូវការបានទាន់ពេលវេលា នៅតាមស្ថាប័នរៀងៗខ្លួន និងក្នុងគោលដៅធានាប្រសិទ្ធភាព ការប្រើប្រាស់ថវិកាជាតិ ឆ្លើយតបទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
លោកបានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់នូវគ្រប់បទឧទ្ទេសនាមរបស់គ្រូឧទ្ទេស និងវាគ្មិនទាំងអស់នៃវគ្គបណ្តុះបណ្តាល និងត្រូវចូលរួមពិភាក្សា ផ្លាស់ប្តូរទស្សនៈ គំនិតយោបល់ និងបទពិសោធន៍ ប្រកបដោយលក្ខណៈបុរសកម្ម ដើម្បីស្វែងយល់ និងចាប់យកចំណុច គន្លឹះសម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព នៅពេលត្រឡប់ទៅកាន់ការដ្ឋានការងារ នៅតាមអង្គភាពរបស់ខ្លួនវិញ។
លោក ហ៊ាន សាហ៊ីប ក៏បានវាយតម្លៃខ្ពស់ចំពោះវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃក្រសួងសេដ្ឋកិច្ច ព្រមទាំងអង្គការយូនីសេហ្វ ដែលបានសហការក្នុងការរៀបចំវគ្គបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ សម្រាប់រួមចំណែកដល់ការបំពេញភារកិច្ច និងពង្រឹងសមត្ថភាព ក្នុងការអនុវត្តថវិកាកម្មវិធី ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ពិសេសក្នុងការចូលរួមចំណែកអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ ប្រកបដោយប្រសិទ្ធភាព និងសម្រេចបានជោគជ័យ។
សូមរំឭកថា នៅឆ្នាំ២០១៥ ដែលពេលនោះមានក្រសួង ស្ថាប័នត្រឹមតែ១០ប៉ុណ្ណោះ ត្រូវបានដាក់ឱ្យអនុវត្ត, ហើយនៅឆ្នាំ២០១៦ មានក្រសួង ស្ថាប័នរហូតដល់ទៅ២៥ បានចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញនេះ។ ដោយឡែកនៅឆ្នាំ២០១៧នេះ មានក្រសួង ស្ថាប័នចំនួន១១ ថែមទៀត រួមជាមួយអង្គភាពជំនាញពាក់ព័ន្ធក្រោមឱវាទ ទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ត្រូវចូលរួមអនុវត្តថវិកាកម្មវិធីពេញលេញសាកល្បង និងនៅឆ្នាំ២០១៨ ក្រសួង ស្ថាប័នចំនួន៣ចុងក្រោយ នឹងត្រូវដាក់ឱ្យអនុវត្តថវិកា កម្មវិធីពេញលេញសាកល្បង ដែលនឹងត្រូវចូលរួមវគ្គបណ្តុះបណ្តាលដូចគ្នានេះ ជាបន្តបន្ទាប់នាពេលខាងមុខ៕