(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនគ្រួសារថា សូមជួយផ្ដល់សេចក្ដីទុកចិត្តជូនចៅសង្កាត់ ហើយសូមកុំភ្លេចទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផង «ពោលនៅសល់តែជាង៤០ថ្ងៃទៀតប៉ុណ្ណោះ គឺជាថ្ងៃបោះឆ្នោត ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ដែលមនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខ»។
ការថ្លែងប្រាប់ឲ្យប្រជាពលរដ្ឋខាងលើនេះ ខណៈលោក ជា ពិសី រយៈពេល៣ថ្ងៃជាប់ៗគ្នា ចាប់ពីរសៀលថ្ងៃទី២០-២១ រហូតមកដល់ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ បានបន្តដឹកនាំមន្ត្រីក្រោមឱវាទ ចុះទៅសំណេះសំណាល សួរសុខទុក្ខ និងចែកថវិកាជូនប្រជាពលរដ្ឋ តាមខ្នងផ្ទះចំនួន៣សង្កាត់ ក្នុងមូលដ្ឋានរួមមាន៖ សង្កាត់ឫស្សីកែវ សង្កាត់គីឡូម៉ែត្រលេខ៦ និងសង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ដោយមានការអញ្ជើញចូលរួមពីលោកស្រីអភិបាលរងខណ្ឌ លីរ៉ូ ហ្សាម៊ី លោក មូល វិរៈ ចៅសង្កាត់ឫស្សីកែវ លោក វ៉ាន់ ផន ចៅសង្កាត់ច្រាំងចំរេះទី២ រួមនិងលោក-លោកស្រី មេភូមិ និងក្រុមយុវជនជាច្រើននាក់ផងដែរ។
ការសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះខាងលើនេះដែរ លោក ជា ពិសី បានថ្លែងថា «សូមជួយផ្ដល់សេចក្ដីទុកចិត្ត ដល់លោកចៅសង្កាត់ផង» ពិសសេស «សូមកុំខឹងគោវាយរទេះ» បើខឹងអ្នកណាស្ដីបន្ទោសឲ្យអ្នកនោះទៅ។
លើសពីនេះទៅទៀតលោក ជា ពិសី និងអាជ្ញាធរសង្កាត់ ក៏បានផ្ដល់ថវិកាចំនួន២លាន៨ម៉ឺនរៀលផងដែរ តាមខ្នងផ្ទះប្រជាពលរដ្ឋនីមួយៗ ដើម្បីជាចំណងដៃអនុស្សាវរីយ៍ រវាងថ្នាក់ដឹកនាំ និងពលរដ្ឋក្នុងមូលដ្ឋាន៕