(ត្បូងឃ្មុំ)៖ បន្ទាប់ពីបានវាយប្រហារនៅតាមខេត្តមួយចំនួននោះ គ្រោះធម្មជាតិខ្យល់កន្រ្តាក់ដ៏ខ្លាំង បានវាយប្រហារចំលើក្រុងសួង ខេត្តត្បូងឃ្មុំ បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ និងសាលារៀនរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរ ព្រមទាំងបណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ផងដែរ។ នេះបើតាមការបញ្ជាក់របស់ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ។
ស្នងការនគរបាលខេត្តបានប្រាប់អង្គភាព Fresh News ថា គ្រោះធម្មជាតិនេះបានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង រួមមាន៖ ទី១៖ មានម្ចាស់ឈ្មោះ ភី ខៀន ស្ថិតនៅភូមិវាលកណ្តៀង ឃុំជប់ ធ្វើអំពីឈើ ប្រកស័ង្កសី ដួលរលំខូចខាតទាំងស្រុង។ ទី២៖ មានផ្ទះឈ្មោះ ពុំ ប៉ោ ស្ថិតនៅភូមិវាលកណ្តៀង ឃុំជប់ធ្វើអំពីឈើ ខូចខាតដំបូលផ្ទះបាយទាំងស្រុង និងទី៣៖ ម្ចាស់ផ្ទះឈ្មោះ សុខ សោម ស្ថិតនៅភូមិវាលកណ្តៀង ឃុំជប់ ដួលរាបដល់ដី ព្រមទាំងបណ្តាលឲ្យដំបូលសាលារៀនប៉ើងដំបូល និងភោជនីយដ្ឋានផងដែរ។
បើតាមលោកស្នងការ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧នេះ លោកបានបញ្ជូនកម្លាំងនគរបាលអន្តរាគមន៍ សហការជាមួយកម្លាំងអាជ្ញាធរមូលដ្ឋាន ចុះជួយជួសជុល ផ្ទះប្រជាពលរដ្ឋដែលរងគ្រោះទាំងនោះ ដើម្បីផ្តល់កន្លែងស្នាក់នៅឡើងវិញ។
ឪពុកម្ដាយនារីរងគ្រោះ បានឲ្យដឹងថា កូនរបស់គាត់ឈ្មោះ លាវ ស៊ីនាត អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិវ៉ះ ឃុំជីគរ ស្រុកត្បូងឃ្មុំ។ ខណៈម៉ោងខាងលើ ស្រាប់តែមានខ្យល់កន្ត្រាក់ប៉ើងដំបូលលអាគាសាលារៀន និងដំបូលផ្ទះប្រជាពលរដ្ឋជាច្រើន លាយឡំជាមួយនឹងភ្លៀង ស្រាប់តែមានផ្លេកបន្ទោលឆ្វាច បន្ទាប់មករន្ទះបានបាញ់មកលាន់យ៉ាងខ្ទរញ័រដី ត្រូវចំកូនស្រីរបស់គាត់ដែលកំពុងតែ បាចស្រូវនៅវាលស្រែខាងកើតភូមិបណ្តាលឲ្យស្លាប់ភ្លាមៗតែម្ដង៕