(កំពង់ចាម)៖ នាយឧត្ដមសេនីយ៍ ម៉ា ឈឿន ប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ បានដឹកនាំក្រុមការងារថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ គណបក្សចុះជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ១៤គ្រួសារ ដែលរស់នៅភូមិចំប៉ា ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ដែលរងគ្រោះមហន្តរាយដោយខ្យល់កន្រ្ដាក់ ។
នៅក្នុងពិធីនេះនាយឧត្ដមសេនីយ៍ ម៉ា ឈឿន បានថ្លែងផងដែរ «សូមបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នចំពោះ ខ្យល់កន្ត្រាក់ខ្យល់ព្យុះនិងភ្លើងឆេះផ្ទះ, សូមពិសារទឹកដាំឆ្អិន និងពិសារឱ្យបានច្រើនដើម្បីសុខភាពល្អ, សូមអាណាព្យាបាលណែនាំកូន-ក្មួយ ឱ្យជៀសឆ្ងាយពីគ្រឿងញៀនដែលជាប្រភពនៃអំពើហិង្សាចោរកម្មចារកម្មនិងអសន្តិសុខ, សូមស្ត្រីមានផ្ទៃពោះ ទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់និងទៅសម្រាលកូននៅមណ្ឌលសុខភាពដើម្បីសុខភាពនិងសុវត្ថិភាពទាំងម្តាយនិងកូន»។
ទន្ទឹមនឹងពេលនោះ ប្រជាពលរដ្ឋទាំងអស់មានក្តីរំភើប និងសប្បាយរីករាយឥតឧបមាព្រោះប្រធានក្រុមការងារចុះជួយស្រុកជើងព្រៃ ចុះជួយសម្រាលទុក្ខលំបាកដល់ពួកគាត់បានទាន់ពេលវេលា និងមិនមានការរើសអើង និងប្រកាន់និន្នាការអ្វីឡើយ។
គួររំលឹកថា កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន៣ខ្នងត្រូវបានបំផ្លាញទាំងស្រុងដោយសារតែខ្យល់កន្រ្តាក់ និង១១គ្រួសារទៀត ត្រូវប៉ើងដំបូងផ្ទះ ជញ្ជំាងផ្ទះ ផងដែរ ហើយនៅថ្ងៃទី២៣មេសាម្សិលមិញនេះ នាយឧត្ដមសេនីយ៍ ម៉ា ឈឿន បាននាំយកនូវអំណោយជាច្រើន ចែកជូន ដល់គ្រួសាររងគ្រោះ រួមមាន៖ សម្រាប់៣គ្រួសារ ទទួលបានសង្ក័សី១៥សន្លឹក, អង្គរ៥០គីឡូក្រាម, កន្ទេល១, មី២កេស, ទឹកត្រី១យូរ, តង់មួយ និងថវិកា១០ម៉ឺនរៀល ចំណែកឯ ១១គ្រួសារទៀត ទទួលបានអង្គរ៥០គីឡូក្រាម, កន្ទេល១, មី២កេស, ទឹកត្រី១យូរ, តង់មួយ និងថវិកា១០ម៉ឺនរៀលផងដែរ៕