(ពោធិ៍សាត់)៖ មនុស្សចាស់ និងក្មេងប្រុសស្រីចំនួន៨នាក់ ត្រូវបានសមត្ថកិច្ចរាយការណ៍ថា មានអាការៈពុលក្អួតចង្អោរ ក្រោយពីហូបនំកញ្ចប់នៅតាមកន្លែងលក់ដូរ។ ករណីនេះត្រូវបានប្រធានមន្ទីរសុខាភិបាល ខេត្តពោធិ៍សាត់ អះអាងថា អាចបណ្តាលមកពីកង្វះអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត នៅជុំវិញខ្លួន។ ហេតុការណ៍នេះបានកើតឡើងល្ងាចថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ នៅចំណុចភូមិក្រាំងរងៀង ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា មនុស្សចាស់ និងក្មេងប្រុសស្រីរងគ្រោះទាំង៨នាក់ រួមមានឈ្មោះ ទី១-ណារ៉ា ម្លឹះឡា ភេទស្រី អាយុ៣៤ឆ្នាំ ទី២-សយ ស្រីគីម ភេទស្រី អាយុ៣ឆ្នាំ ទី៣-សយ រាជសី អាយុ១១ឆ្នាំ ទី៤-សយ កក្កដា អាយុ៩ឆ្នាំ ទី៥-ពេជ្រ ណូណា ភេទស្រី អាយុ១ឆ្នាំ ទី៦-ពេជ្រ ណូសា ភេទស្រី អាយុ៦ឆ្នាំ ទី៧-រុំ ភារក្ស អាយុ៤ឆ្នាំ និងទី៨-ភាជ រ៉ាត់ អាយុ៤៣ឆ្នាំ។ ជនរងគ្រោះទាំង៨នាក់ រស់នៅភូមិឃុំកើតហេតុខាងលើ។
មន្រ្តីនគរបាលមូលដ្ឋាន បានបន្តទៀតថា មុនពេលកើតហេតុ ក្មេងប្រុសស្រីរងគ្រោះ បានទៅទិញនំកញ្ចប់នៅផ្ទះលក់នំឈ្មោះ ម៉ៅ ភេទប្រុស អាយុ៣៧ឆ្នាំ នៅទល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់រាប។ ក្រោយទិញរួច ក្មេងប្រុសស្រីរងគ្រោះ បានហូបអស់មួយចំនួន ហើយបានចែកឲ្យក្រុមគ្រួសារហូបបន្ត មួយសន្ទុះក្រោយមក ស្រាប់តែមានអាការៈមិនស្រួល (ពុល ក្អួត និងចង្អោរ)។
ជុំវិញករណីនេះ ប្រធានមន្ទីរសុខាភិបាលខេត្តពោធិ៍សាត់ លោក ខូយ ឌី បានបញ្ជាក់ថា «យ៉ាងណាក៏ដោយ យើងមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែយើងបានវេចខ្ចប់នំនេះ យកទៅធ្វើការវិភាគ និងកោសល្យវិច័យមើល ថាតើនំនេះមានជាតិពុល ឫមួយយ៉ាងណានោះ»។ ក៏ប៉ុន្តែលោកបានដាក់ការសន្និដ្ឋានជំហានដំបូងថា អាចបណ្តាលមកពីកង្វះអនាម័យ ហូបស្អាត ផឹកស្អាត រស់នៅស្អាត នៅជុំវិញខ្លួន។
បច្ចុប្បន្នមនុស្សចាស់ និងក្មេងប្រុសស្រីរងគ្រោះ បាននឹងកំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពអន្លង់រាប ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមកដល់ពេលនេះមានអាការៈស្រួលបួលវិញហើយ៕