(ភ្នំពេញ)៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ត្រូវបានធ្វើឡើងរវាងក្រុមហ៊ុនឯកជនចំនួន៣ រួមមាន សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា, ក្រុមហ៊ុន អេមើរិល ផ្លាស ប្រូផឹធី សឺវីស មេនេចមិន និងសហភាពសមាគមអ្នកសាងសង់ និងអចលនទ្រព្យ ដេ យ៉ាង មកពីខេត្តស៊ីឈួន សាធារណរដ្ឋប្រជាមានិតចិន ដែលផ្ដោតសំខាន់លើការព្រមព្រៀងជួយគ្នាទៅវិញទៅមក ក្នុងកិច្ចការពាណិជ្ជកម្ម និងស្វែងរកឱកាសវិនិយោគ លើវិស័យអចលនទ្រព្យ និងវិស័យសំណង់។

ពិធីចុះហត្ថលេខាខាងលើ ធ្វើឡើងនៅសាលប្រជុំក្រុមហ៊ុន អេមើរិលផ្លាស ប្រូផឹធី សឺវីស មេនេចមិន ក្នុងអគារសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅពេលនេះ ក្រោមការដឹកនាំដោយភាគីចំនួន៣ រួមមាន លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា, លោកស្រី ជា សុផល្លា នាយកប្រតិបត្តិក្រុមហ៊ុន អេមើរិលផ្លាស និងប្រធានសហភាពសមាគមអ្នកសាងសង់ និងអចលនទ្រព្យ ដេ យ៉ាង ក្រោមអធិបតីភាព លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន។  

លោក ជា ច័ន្ទបរិបូរណ៍ បានបញ្ជាក់ថា «គោលបំណងសំខាន់នៃអនុស្សរណៈនេះ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការជាផ្លូវការ រវាងភាគីទាំង៣ សំដៅជំរុញពាណិជ្ជកម្ម លើវិស័យអចលនទ្រព្យ និងវិស័យសំណង់ រវាងពាណិជ្ជករកម្ពុជា និងពាណិជ្ជករចិន ខេត្តស៊ីឈួន ខណៈដែលប្រទេសកម្ពុជា មានស្ថេរភាពនយោបាយ កាន់តែលើប្រសើរនេះ»

លោកស្រី ជា សុផល្លា បានថ្លែងផងដែរថា «អនុស្សរណៈនេះ ក៏នឹងជួយជំរុញឲ្យភាគីទាំង៣ អាចចែករំលែកព័ត៌មានបាន​ទូលំទូលាយ ស្តីពីឱកាសវិនិយោគក្នុងវិស័យអចលនទ្រព្យ និងសំណង់ ក៏ដូចជាការផ្តល់ជំនួយទៅវិញទៅមក សម្រាប់ពាណិជ្ជករចិនមកពីខេត្តស៊ីឈួន ដែលមានបំណងមកបង្កើតអាជីវកម្មពាក់ព័ន្ធនឹងវិស័យសំណង់ និងអចលនទ្រព្យ ក៏ដូចជាការផ្តល់នូវការប្រឹក្សាយោបល់ ដល់វិនិយោគិនមកពីខេត្តស៊ីឈួន ពីបរិយាកាសអាជីវកម្ម និងលក្ខខណ្ឌច្បាប់នានានៅកម្ពុជា»

លោក គីម ហ៊ាង បានឲ្យដឹងថា សមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា គឺជាបណ្តាញអង្គភាពមួយ ត្រូវបានបង្កើតឡើងរួមគ្នា ដោយក្រុមសេវាកម្មអចលនទ្រព្យមួយចំនួននៅកម្ពុជា។ សមាគមនេះ បានចុះបញ្ជីជាផ្លូវការ នៅក្រសួងមហាផ្ទៃ ជាបណ្តាញអង្គការមិនរកប្រាក់ចំណេញ ដែលហៅកាត់ថា CVEA ក្នុងខែវិច្ឆិកា ឆ្នាំ២០០៨ ដែលមានបេសកកម្មលើកស្ទួយសមាជិករបស់ខ្លួន ដោយជួយឲ្យពួកគេទទួលបានការលូតលាស់អាជីវកម្ម ពីឱកាសទីផ្សារអចលនទ្រព្យ និងបរិយាកាសប្រកួតប្រជែងដោយស្មើភាព តាមរយៈការពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ ការបង្កើតបរិយាកាសគាំទ្រការតស៊ូមតិ ការបង្កើតការយល់ដឹងសាធារណៈ និងការបង្កើតតម្រូវការទីផ្សារអចលនទ្រព្យ។

បច្ចុប្បន្ន សមាគមមានសមាជិកចំនួន ៦៧ក្រុមហ៊ុន ដែលអភិបាលកិច្ចដោយក្រុមប្រឹក្សាភិបាល និងដឹកដោយប្រធានសមាគម តាមអាណត្តិ២ឆ្នាំ និងលេខាធិការដ្ឋានអចិន្ត្រៃយ៍១រូប ទទួលបន្ទុកការងារប្រចាំថ្ងៃរបស់សមាគម។ ចំណែកក្រុមហ៊ុន អេមើរ៉ិល ផ្លាស ប្រផឹធី សឺវីស មេនេចមិន ជាក្រុមហ៊ុនឯកជន មានជំនាញផ្តល់សេវាកម្ម គ្រប់គ្រង ថែទាំ និងសម្របសម្រួល ការគ្រប់គ្រង អចលនទ្រព្យ ដូចជា អគារពាណិជ្ជកម្ម ខុនដូ បុរី ផ្សារទំនើប ជាដើម។ ក្រុមហ៊ុន Emerald Plus បង្កើតឡើងក្នុងឆ្នាំ២០១៥ មានបេសកកម្មចូលរួមចំណែកយ៉ាងសកម្ម ក្នុងការផ្តល់ការសម្របសម្រួល ប្រឹក្សាយោបល់ និងការគ្រប់គ្រង គម្រោងប្រកបដោយវិជ្ជាជីវៈ ក្នុងគុណភាពទទួលស្គាល់កម្រិតតំបន់ ក្នុងការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា៕