(កំពង់ចាម)៖ នៅមន្ទីរគណបក្សប្រជាជនស្រុកព្រៃឈរ ខេត្តកំពង់ចាម ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្ដារ អភិវឌ្ឍវិស័យកសិម្ម និងជនបទ និងជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម បានអញ្ជើញជាអធិបតីក្នុងពិធីបិទកិច្ចប្រជុំបូក សរុបការងារចុះពង្រឹងមូលដ្ឋានស្រុកព្រៃឈរ ប្រចាំខែមេសា ដើម្បីពិនិត្យមើលវឌ្ឍនភាពការងារ និងសមិទ្ធផលដែលក្រុមការងារ ចុះជួយឃុំទាំង១៥ សម្រេចបាន។
ក្នុងកិច្ចប្រជុំនាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៧ លោកឧបនាយករដ្ឋមន្ត្រី បានផ្តែផ្តាំដល់សមាជិក-សមាជិកា នៃក្រុមការងារចុះពង្រឹង ស្រុកព្រៃឈរ ត្រូវបន្តចុះជួបប្រជាពលរដ្ឋឲ្យញឹកញាប់ ដើម្បីស្វែងយល់ពីសុខទុក្ខ និងតម្រូវការចាំបាច់របស់ ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់គណៈកម្មាធិការបក្សស្រុក ធ្វើការដោះស្រាយបញ្ហាប្រឈមនៅតាមមូលដ្ឋាននីមួយៗ ជាពិសេសត្រូវធានាផ្តល់សេវាសាធារណៈជូនប្រជាជនទាំងអស់ដោយសមភាព និងមិនប្រកាន់និន្នាការនយោបាយ។
ទន្ទឹមគ្នានេះ លោក ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃឈរ ក៏បានស្នើដល់ក្រុមការងារទាំងអស់ធ្វើការ ផ្សព្វផ្សាយឲ្យបានទូលំទូលាយ អំពីគុណតម្លៃនៃកម្មវិធីគោលនយោបាយសំខាន់ៗរបស់គណបក្សប្រជាជន សម្រាប់អភិវឌ្ឍន៍ឃុំសង្កាត់ ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០២២ ព្រមទាំងពន្យល់ប្រជាពលរដ្ឋឲ្យបានច្បាស់អំពីបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ដើម្បីចៀសវៀងបញ្ហាដែលកើតឡើងជាយថាហេតុក្នុងពេលបោះឆ្នោត។
សូមបញ្ជាក់ថា រដ្ឋបាលស្រុកព្រៃឈរមានចំនួន ១៦ឃុំ ស្មើនឹង ១៧៦ភូមិ និងមានប្រជាពលរដ្ឋរស់នៅអចិន្ត្រៃយ៍ចំនួន ៤១,១៧៩គ្រួសារ ព្រមទាំងស្នាក់នៅបណ្តោះអាសន្នចំនួន៦០គ្រួសារ។ ដើម្បីដណ្តើមប្រៀបខ្លាំង និងប្រៀបឈ្នះ នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ខាងមុខ គណៈបក្សស្រុក និងក្រុមការងារចុះពង្រឹងឃុំទាំង១៥ បានយកចិត្តទុកដាក់លើការកសាងសមាជិកបក្ស និងស្វែងយល់ អំពីបញ្ហា ព្រមទាំងតម្រូវការចាំបាច់សម្រាប់អភិវឌ្ឍន៍ភូមិ-ឃុំដែលប្រជាពលរដ្ឋបានជួបប្រទះ សំដៅចូលរួមអនុវត្តន៍គោលការណ៍ អភិបាលកិច្ចល្អ ដែលជាស្នូលនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៣ របស់រាជរដ្ឋាភិបាលកម្ពុជា៕