(កែប)៖ សហព័ន្ធកីឡាទូកក្តោងកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ បានសម្រេចជ្រើសរើសយកក្លឹប ទូកក្តោងកែបជាសមាជិក ពេញសិទ្ធិរបស់ខ្លួន ធ្វើជាមូលដ្ឋានហ្វឹកហាត់មួយ ដើម្បីហ្វឹកហាត់បច្ចេកទេសទូកក្តោង ត្រៀមចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី២៩ (The 29th Sea Game) នៅប្រទេសម៉ាឡេស៊ី ដែលក្លឹបនេះ បានទិញឧបករណ៍ទូកក្តោងថ្មី ដូចជា Optimist, Hobie Wave, Hobie16 និង T2 Sailing Boat សម្រាប់បម្រើដល់វិស័យកីឡាទូកក្តោងនៅកម្ពុជា ដែលកំពុងធ្វើការអភិវឌ្ឍ និងទទួលបានការគាំទ្រ ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។
ការចូលជាសមាជិករបស់សហព័ន្ធកីឡាទូកក្តោងកម្ពុជានេះ ធ្វើឡើងក្រោមអធិបតី លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការជាតិអូឡាំពិកកម្ពុជា និងលោក កែន សេត្ថា អភិបាលខេត្តកែប។
សហព័ន្ធកីឡាទូកក្តោងកម្ពុជា និងក្លឹបទូកក្តោងកែប មានចក្ខុវិស័យរួម គឺណែនាំ តម្រង់ទិស ជំរុញលើកទឹកចិត្តដល់ក្មេងៗ និងយុវជន កម្ពុជា ឱ្យមានចិត្តស្រលាញ់កីឡាទូកក្តោង ដើម្បីប្រមូលផ្តុំកីឡាករទូកក្តោង និងចម្រាញ់យកកីឡាករឆ្នើម ដែលអាចតំណាងឱ្យកម្ពុជា ដើម្បីចូលរួមការប្រកួតក្នុងឆាកជាតិ និងអន្តរជាតិ។ គ្រូបង្វាត់របស់ក្លឹបទូកក្តោងកែបនេះ ក៏បានឆ្លងកាត់ការត្រួតពិនិត្យ និងវាយតម្លៃទាំង ផ្នែកជំនាញ និងបចេ្ចកទេស ពីសហព័ន្ធកីឡាទូកក្តោងកម្ពុជា ដែលមានស្តង់ដារជាអន្តរជាតិមួយ ក្រោមគោលការណ៍របស់ សហព័ន្ធកីឡាទូកក្តោង ពិភពលោក (World Sailing)។
ក្រោមកិច្ចសហប្រតិបត្តិការ និងគាំទ្រគ្នាទៅវិញទៅមក សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានសម្រេចជ្រើសរើសយកក្លឹបទូកក្តោងកែប ធ្វើជាមូលដ្ឋានហ្វឹកហាត់មួយ ដើម្បីហ្វឹកហាត់បច្ចេកទេសទូកក្តោង ក្នុងការត្រៀមចូលរួមការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី២៩ (The 29th Sea Game) ដែលនឹងប្រព្រឹត្តនៅប្រទេសម៉ាឡេស៊ី និងធ្វើការហ្វឹកហាត់ ដើម្បីត្រៀមចូលរួមសម្តែងអបអរសាទរ ក្នុងពិធីបុណ្យ សមុទ្រលើកទី៦ ដែលនឹងរៀបចំនៅខេត្តកែប នាពេលខាងមុខនេះ ពិសេសដំណើរឆ្ពោះទៅរកការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។
ស្របតាមការណែនាំ និងហ្វឹកហាត់ពីក្លឹបទូកក្តោង Royal Yacht Club Association គ្រូបង្ហាត់របស់ក្លឹបទូកក្តោងកែប បានទទួលការ ហ្វឹកហាត់បន្ថែម ដោយផ្តោតសំខាន់ទៅលើសុខមាលភាព និងសុវត្ថិភាពជូនដល់អ្នកដែលរៀនទូកក្តោងកម្រិតដំបូងប្រភេទ Optimist និងកម្រិតមធ្យមសម្រាប់ប្រភេទ Hobie Wave, Hobie16 និង T2 Sailing Boat ដែលមានការទទួលស្គាល់ពី សហព័ន្ធកីឡា ទូកក្តោងកម្ពុជា។
លោក Jeff Moon ស្ថាបនិកក្លឹបទូកក្តោងកែប និងជានាយក Knai Bang Chatt Resort បានឲ្យដឹងថា ការចូលរួមជាអធិបតីក្នុងការ សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅក្លឹបទូកក្តោងកែបនេះ បានសបញ្ជាក់យ៉ាងច្បាស់ អំពីសារសំខាន់របស់កីឡាទូកក្តោងដោយ ផ្សារភ្ជាប់ប្រពៃណី នៃការរស់នៅរបស់ប្រជាជនកម្ពុជា ដែលរស់នៅតំបន់ឆ្នេរសមុទ្រ និងបង្ហាញពីសមិទ្ធផលរបស់កីឡាលើទឹកថ្មីមួយ នៅតំបន់ឆ្នេរសមុទ្ររបស់កម្ពុជា។
លោក Jonh Black អ្នកគ្រប់គ្រងសណ្ឋាគារ Luxury Boutique Hotel បានលើកឡើងថា លោកមានភាពសោមនស្សរីករាយ ដែលសណ្ឋាគាររបស់លោកមានក្លឹបទូកក្តោងមួយ ដែលមានបម្រើសេវាកីឡាលើទឹកដ៏សម្បូរបែប ជូនភ្ញៀវជាតិ និងអន្តរជាតិនៅកម្ពុជា ដែលកំពុងមានការចាប់អារម្មណ៍ និងមានភាពទាក់ទាញយ៉ាងខ្លាំង។ លោកបន្តថា ជាការពិតណាស់កីឡាទូកក្តោង គឺជាកីឡា មួយប្រភេទ ដែលមានភាពអស្ចារ្យ និងទាក់ទាញ។
សូមជម្រាបថា ក្លឹបទូកក្តោងកែប មានទីតាំងស្ថិតនៅក្នុងខេត្តកែប ដែលមានឆ្នេរសមុទ្រមួយដ៏ស្រស់ស្អាត ហើយក្លឹបនេះ មិនត្រឹមតែ ជាកន្លែងបម្រើសេវាកីឡាលើទឹកដ៏សម្បូរបែបនោះទេ វាក៏ជាផលិតផលទេសចរណ៍ថ្មី ដ៏មានសក្តានុពលទាក់ទាញរបស់ Knai Bang Chatt Resort ផងដែរ។ កម្ពុជាជឿជាក់ថា ផ្អែកលើលក្ខណៈអំណោយផលនៃទីតាំង និងភាពសំបូរបែបនៃសេវាកីឡាលើទឹកនេះ ក្លឹបទូកក្តោងកែបនឹងក្លាយជាគោលដៅកីឡាទេសចរណ៍ថ្មីមួយ ដ៏ពេញនិយម ប្រកបដោយភាពទាក់ទាញ សមស្របនិងការប្រសិទ្ធនាម ថាជា «តារារះនៅទិសនិរតី» ដែលបានផ្តល់ឱ្យដោយក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើលោក៕