(ពោធិ៍សាត់)៖ ខណៈតៃកុងស្រវឹងធ្លាក់ភ្នែក រថយន្តសាំយ៉ុង១គ្រឿង បានជ្រុកទៅបុកគល់ស្ពានប៉ាឡេ លាន់ឮដូចរន្ទះបណ្ដាលឲ្យ អ្នកដំណើរ១០នាក់រងរបួសធ្ងន់ និង៤នាក់ទៀតរងរបួសស្រាល ដែលគ្រោះថ្នាក់ព្រលឹងចុងសក់នេះ បានកើតឡើងនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ ត្រង់ចំណុចស្ពានលេខ១២០ ព្រំប្រទល់ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ស្ថិតក្នុងភូមិចាមចាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងមុននេះថា រថយន្ត១គ្រឿងខាងលើ ពាក់ស្លាកលេខ ភ្នំពេញ 2AC-5741 បើកបរដោយឈ្មោះ នឹម ផល្លា អាយុ៣២ឆ្នាំ និងអ្នករួមដំណើរ១៣នាក់ទៀត។ ជនរងគ្រោះទាំងអស់ជាប្រជាពលរដ្ឋ រស់នៅភូមិផ្សារ ឃុំផ្សារ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។
លោកអធិការបន្តថា មុនពេលកើតហេតុ ជនរងគ្រោះទាំងអស់មកលេងទឹកនៅរមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង ពេលត្រឡប់មកវិញ អ្នកបើកបរខាងលើទំនងជាស្រវឹង ហើយងងុយដេកផងនោះ ក៏ងោកលើរថយន្តលក់មួយភាំង ទើបបណ្តាលឱ្យជួបគ្រោះថ្នាក់បុកគល់ ស្ពានតែម្តង រងរបួសធ្ងន់បាក់ដៃជើងមនុស្ស១០នាក់ និងស្រាល៤នាក់។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង១៤នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយឡែករថយន្តបង្កត្រូវបានស្ទូចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលឈើទុំ ដើម្បីដោះស្រាយនៅពេលក្រោយ៕