(បាត់ដំបង)៖ អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្រុកសង្កែ និងជាប្រធានក្រុមការងារចុះជួយឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង លោក សែម ស៊ីណង បានប្រាប់ទៅបេក្ខជន ក្រុមប្រឹក្សាឃុំទាំងអស់ថា ត្រូវបម្រើសេវាលើគ្រប់វិស័យ ជូនប្រជាពលរដ្ឋ ដោយគ្មានលក្ខខណ្ឌ ដើម្បីទទួលបានការស្រឡាញ់ និងគាំទ្រពីពួកគាត់មកវិញ។
លោក សែម ស៊ីណង ថ្លែងបែបនេះ ខណៈពេលចែកមូលនិធិមនុស្សធម៌សម្ដេចក្រឡាហោម ស ខេង ដល់ស្រី្តទើបសម្រាលកូន និងគ្រួសារអ្នកមរណៈ នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧។
លោក សែម ស៊ីណង បានថ្លែងថា «បេក្ខជនក្រុមប្រឹក្សាឃុំយើងទាំងអស់ថា ត្រូវបម្រើសេវាលើគ្រប់វិស័យជូនប្រជាពលរដ្ឋ ដោយគ្មានលក្ខខណ្ឌ ដើម្បីទទួលបានការស្រឡាញ់ និងគាំទ្រពីពួកគាត់ បានយូរអង្វែងតទៅ ក្នុងការកសាង និងអភិវឌ្ឍន៍មូលដ្ឋាន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត»។
លោកបានបញ្ជាក់ថា បេក្ខជនក្រុមប្រឹក្សាឃុំ ត្រូវចុះតាមខ្នងផ្ទះសួរសុខទុក្ខប្រជាពលរដ្ឋ ស្វែល់ពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ និងបង្កើតភាពជឿទុកចិត្ត លើគណបក្សប្រជាជនកម្ពុជាបន្ថែមទៀត នៅថ្នាក់មូលដ្ឋាន។
ត្រូវធ្វើអំពើល្អគ្រប់បែបយ៉ាង ជូនប្រជាពលរដ្ឋទូទៅ ដោយមិនប្រកាន់និន្នាការអ្វីឡើយ ព្រមទាំងជំរុញឲ្យអនុវត្តគោល នយោបាយភូមិ ឃុំមានសុវត្ថិភាព ទាំង៩ចំណុច ពិសេសការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការជួញដូរប្រើប្រាស់គ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍ ជាដើម និងបម្រើសេវាសាធារណៈជូនពួកគាត់ឲ្យបានល្អ ខណៈពេលថ្ងៃបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ ជិតមកដល់ពេល ឆាប់ខាងមុខនេះ។
លោកប្រធានក្រុមការងារ បានបន្តថា «យើងជាក្រុមប្រឹក្សាឃុំត្រូវចុះធ្វើសកម្មភាព ការងារបក្សនៅតាមខ្នងផ្ទះ បង្កើនភាពស្និទ្ធស្នាល ស្វែងយល់ពីតម្រូវការរបស់ពួកគាត់ តាមរយៈការចុះចែកមូលនិធិមនុស្សធម៌សម្តេចក្រឡាហោម ស ខេង និងតាមរយៈការចុះចែក អំណោយមនុស្សធម៌ ដល់ជនចាស់ជរាឥតទីពឹង ប្រជាពលរដ្ឋក្រីក្រ ស្រ្តីមេម៉ាយ ក្មេងកំព្រា និងការងារកសាងសមិទ្ធផល ផ្សេងៗទៀត»។
ជាក់ស្តែងថ្ងៃរសៀលនេះផងដែរ លោកប្រធានបានដឹកនាំក្រុមការងារ អញ្ជើញចុះតាមខ្នងផ្ទះប្រជាពលរដ្ឋ ចំនួន៨នាក់ ក្នុងឃុំនរាទាំងអស់ ស្រ្តីសម្រាលកូនមាន ៥នាក់ និងគ្រួសារអ្នកមរណៈ ៣នាក់ ក្នុងម្នាក់ៗទទួលបាន២០ម៉ឺនរៀល។
ស្រ្តីទើបសម្រាលកូន និងគ្រួសារអ្នកមរណៈទាំងអស់ ក៏បានថ្លែងអំណរគុណដល់លោកប្រធានក្រុមការងារ ដែលបាននាំមូលនិធិមនុស្សធម៌ សម្តេចក្រឡាហោម មកចែកជូនប្រជាពលរដ្ឋនៅក្នុងខែមេសានេះ ដោយមិនប្រកាន់និន្នាការបក្សនយោបាយអ្វីឡើយ ពិសេសថ្នាក់ដឹកនាំកំពូលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខេត្តកំពង់ចាម និងជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ដែលតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ នៅពេលដែលពួកគាត់បានជួបប្រទះគ្រោះធម្មជាតិផ្សេងៗកន្លងមក ក៏ដូចជាបច្ចុប្បន្ន និងអនាគត៕