(ព្រះវិហារ)៖ ស្ពានដែកមួយកន្លែងដែលក្រាលដោយឈើ ត្រូវបានធ្វើការជួសជុលឡើងវិញ ដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដើម្បីបំរើផលប្រយោជន៍ប្រជាពលរដ្ឋ៣ស្រុកក្នុងខេត្ត មានភាពងាយស្រួលក្នុងការធ្វើដំណើរ ក៏ដូចជាដឹកកសិផលផ្សេងៗ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះថា ស្ពានដែកដែលក្រាលដោយឈើនេះ មានទទឹង៤,៥០ម៉ែត្រ និងបណ្តោយ៥០ម៉ែត្រ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៩៥ ត្រង់ចំណុចគីឡូម៉ែត្រ០០+១៥០ ក្នុងភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ហើយស្ពាននេះមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ៣ស្រុកឆ្លងកាត់រួមមាន ស្រុកឆែប ស្រុកជ័យសែន និងស្រុករវៀង។
លោកប្រធានមន្ទីររូបនេះ បញ្ជាក់ថា ស្ពានដែកនេះដែលរងការខូចខាត គឺឈើដែលក្រាលបានបាក់របើក និងមានប្រហោងជាច្រើនកន្លែងដែលកត្តានេះបណ្តាលមកពីរថយន្តដឹកធ្ងន់ៗពេក ធ្វើឲ្យប្រជាពលរដ្ឋពិបាកធ្វើដំណើឆ្លងកាត់ ខ្លាចជួបគ្រោះថ្នាក់ផ្សេងៗ ហើយ មន្ទីរបានធ្វើការជួសជុលស្ពានឡើងវិញ ក្រោមការជួយឧបត្ថម្ភឈើពីផ្នែករដ្ឋបាលព្រៃឈើឆែប និងបានធ្វើរួចរាល់ជាស្ថាពរផងដែរ។
ជាមួយគ្នានោះ លោកក៏បានថ្លែងអំណរគុណដល់នាយផ្នែក នាយរងផ្នែកព្រៃឈើឆែប ដែលបានសហការផ្តល់ឈើក្នុងការធ្វើស្ពាននេះ ហើយក្រៅពីការជួសជុសស្ពាន មន្ទីរបានធ្វើការថែទាំផ្លូវក្រាលគ្រួសក្រហមប្រវែង២០គីឡូម៉ែត្រផងដែរ៕