(ព្រះសីហនុ)៖ កម្លាំងការិយាល័យអនុវត្តនីតិវិធី ផែនអន្ដោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការខេត្ត បានធ្វើការឃាត់ខ្លួនជនជាតិចិនម្នាក់ ដែលជាប់ពាក់ព័ន្ធបទល្មើសលាងលុយកង្វក់ ហើយរស់នៅគ្មានលិខិតឆ្លងដែនជាប់ខ្លួន។
ការឃាត់ខ្លួននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧នេះ នៅចំណុចជិតធនាគាអេស៊ីលីដា ស្ថិតក្នុងក្រុមទី១៧ ភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ។
មន្ដ្រីនគរបាលបានបញ្ជាក់ថា ជនជាតិចិន ឈ្មោះ KE RIPING អាយុ៣៤ឆ្នាំ។ បើតាមមន្ដ្រីនគរបាល ជនបរទេសដែលឃាត់ខ្លួននេះ ពុំមានលិខិតឆ្លងដែនជាប់ខ្លួននោះទេ ដោយលិខិតឆ្លងដែន បានដាក់បញ្ចាំ ក្នុងតម្លៃ១,០០០ដុល្លារ នៅឯកាស៊ីណូណាហ្គា។
តាមការស្រាវជ្រាវក្នុងទូរស័ព្ទដៃ ជនជាតិចិនរូបនេះ មានសម្ភារមួយចំនួនដែលអាចប្រព្រឹត្តបទល្មើសលាងលុយ និងបទល្មើសមួយទៀត មិនមានលិខិតឆ្លងដែនជាប់ខ្លួនទេ បច្ចុប្បន្នការិយាល័យអនុវត្តនីតិវិធី កំពុងសាកសួរ និងកសាងសំណុំរឿងជនបរទេសរូបនេះ ដើម្បីបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ចាប់ការតាមនីតិវិធី៕