(ភ្នំពេញ)៖ អតីតមេដឹកនាំគណបក្សសង្រ្គោះជាតិលោក សម រង្ស៊ី បានអំពាវនាវតាមរយៈ Twitter ផ្លូវការរបស់លោកជាភាសាបារាំងដោយ សូមឲ្យប្រជាជនបារាំង ដើមកំណើតវៀតណាមទាំងអស់បោះឆ្នោតឱ្យ បេក្ខជនប្រធានាធិបតីបារាំងលោក ម៉ាក្រុន (Emmanuel Macron) ជាបេក្ខជនដែលលោកគាំទ្រផងដែរ។
តើលោក សម រង្ស៊ី មានចំណងអ្វីខ្លះជាមួយជនជាតិវៀតណាម ? តើលោក សម រង្ស៊ី អាចនឹងផ្ញើសារស្រដៀងគ្នានេះនៅពេលបោះឆ្នោតខាងមុខ ដើម្បីគាំទ្រគណបក្សសង្រ្គោះជាតិឬទេ ?
គិតត្រឹមម៉ោង១២ថ្ងៃត្រង់ថ្ងៃអាទិត្យនេះ (ម៉ោងនៅបារាំង) តាមរបាយការណ៍បានឲ្យដឹងថា មានប្រជាជនបារាំងប្រមាណ២៨% បានទៅបោះឆ្នោត នេះបើយោងតាមសារព័ត៌មាន EU ចេញផ្សាយមុននេះបន្តិច។
នៅថ្ងៃអាទិត្យនេះប្រការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបារាំងជុំទី០១ បានចាប់ផ្ដើមហើយនៅថ្ងៃអាទិត្យនេះ។ ប៉ុន្តែទន្ទឹមគ្នាការស្ទង់មតិជាច្រើនបង្ហាញថាបេក្ខជន ប្រធានាធិបតីស្ដាំនិយមជ្រុល លោកស្រី ម៉ារីន ឡឺប៉ែន (Marine Le Pen) និងអ្នកនយោបាយនិយមកណ្ដាល លោក អែមម៉ានុយអ៊ែល ម៉ាក្រុន (Emmanuel Macron) អាចនឹងជាប់ឆ្នោតនៅជុំទី០១នេះ ដើម្បីឈានចូលបន្តការបោះឆ្នោតជុំទី០២ នៅថ្ងៃទី០៧ ខែឧសភា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Telegraph នៅថ្ងៃអាទិត្យ ទី២៣ ខែមេសា ឆ្នាំ២០១៧៕