(កំពង់ស្ពឺ)៖ ខណៈនៅសល់តែ៤៣ថ្ងៃទៀតតែប៉ុណ្ណោះ ការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់នឹងឈានចូលមកដល់នោះ លោក ហ៊ុន ម៉ានី តំណាងរាស្ត្រវ័យនៃប្រទេសកម្ពុជា បានក្រើនរំលឹកទៅដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តកំពង់ស្ពឺ ទាំងអស់ឲ្យត្រៀមខ្លួន អញ្ជើញចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។
ការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ស្ពឺនេះធ្វើឡើងនាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៧ ក្នុងឱកាសដែលលោក ហ៊ុន ម៉ានី ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជាង២០០នាក់ ចុះជួយព្យាលបាលដល់ប្រជាពលរដ្ឋ នៅស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ។
លោក ហ៊ុន ម៉ានី បានថ្លែងថា «សូមពុកម៉ែបងប្អូនទាំងអស់ធ្វើយ៉ាងណាទៅបោះឆ្នោតឲ្យគ្រប់ៗគ្នា បោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជា យើងទាំងអស់គ្នានៅទីនេះគឺសុទ្ធតែជឿជាក់លើគណបក្សប្រជាជនកម្ពុជា»។
ក្នុងឱកាសនោះផងដែរ លោកបានថ្លែងបញ្ជាក់ពីបញ្ហាមួយដែលធ្វើឲ្យស្មុគស្មាញ និងយល់ច្រឡំដល់ប្រជាពលរដ្ឋដែលតែងតែយល់ច្រឡំថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជារបស់រដ្ឋ , លោកថា «សូមពុក ម៉ែ មាមីង បងប្អូនទាំងអស់ជ្រាបថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងអស់មិនមែនជារបស់រដ្ឋនោះទេ គឺជារបស់ឯជន»។
សូមជម្រាបថា គណបក្សនយោបាយចំនួន១២ បានចុះឈ្មោះបេក្ខជនចូលរួម ប្រកួតប្រជែងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល។ សូមបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ឲ្យបានគ្រប់ៗគ្នា៕